(រ៉យទ័រ) យោធានៅក្នុងប្រទេសម៉ាលីបានឃុំខ្លួនប្រធានាធិបតី នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃរដ្ឋាភិបាលបណ្តោះអាសន្ន ដែលធ្វើឲ្យមានភាពវឹកវរនយោបាយកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីរដ្ឋប្រហារយោធាទម្លាក់ប្រធានាធិបតីមុន យោងប្រភពយោធាជាច្រើនបានប្រាប់រ៉យទ័រ។
ប្រភពការទូតនិងរដ្ឋាភិបាលបាននិយាយថា ប្រធានាធិបតីលោក Bah Ndaw, នាយករដ្ឋមន្ត្រីលោក Moctar Ouane និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Souleymane Doucoure ត្រូវបានគេនាំទៅកាន់មូលដ្ឋានយោធាមួយនៅទីក្រុង Kati ដែលនៅខាងក្រៅរដ្ឋធានី Bamako ប៉ុន្មានម៉ោងបន្ទាប់ពីសមាជិកយោធា០២នាក់បាត់បង់តំណែងនៅក្នុងការផ្លាស់ប្តូរនៅក្នុងជួររដ្ឋាភិបាល។
ការឃុំខ្លួនបានធ្វើឡើងបន្ទាប់ពីយោធាទម្លាក់អតីតប្រធានាធិបតី Ibrahim Boubacar Keita ចេញពីតំណែងកាលពីខែសីហា។ ស្ថានភាពនេះអាចធ្វើឲ្យមានអស្ថិរភាពកាន់តែខ្លាំងនៅក្នុងប្រទេសអាហ្វ្រិកខាងលិច ដែលបង្កដោយក្រុមអ៊ីស្លាមនិយមប្រព្រឹត្តិអំពើឃោរឃៅដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋអ៊ីស្លាមគ្រប់គ្រងតំបន់ធំៗនៅភាគខាងជើងវាលខ្សាច់។
អស្ថិរភាពនយោបាយ និងការប៉ះទង្គិចជាមួយយោធាបន្ថែមភាពស្មុគស្មាញដល់ការខិតខំរបស់មហាអំណាចលោកខាងលិច និងប្រទេសជិតខាងដើម្បីគាំទ្រដល់ប្រទេសក្រីក្រដែលរួមចំណែកដល់អសន្តិសុខក្នុងតំបន់។
បេសកកម្មរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលីបានអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និងបាននិយាយថាអ្នកដែលចាប់មេដឹកនាំនឹងត្រូវទទួលខុសត្រូវសកម្មភាពរបស់ពួកគេ។
គណៈប្រតិភូមកពីស្ថាប័នធ្វើសេចក្តីសម្រេចចិត្តជាន់ខ្ពស់ក្នុងតំបន់របស់ ECOWAS នឹងធ្វើទស្សនកិច្ចនៅទីក្រុង Bamako នៅថ្ងៃអង្គារ៍នេះ ដើម្បីជួយដោះស្រាយ “ការប៉ុនប៉ងធ្វើរដ្ឋប្រហារ” ៕
មតិយោបល់