ព័ត៌មានជាតិ

គុយ​បា​បាន​ចោទប្រកាន់​ថា​ សហរដ្ឋអាមេរិក បាន​បន្ត​គោលនយោបាយ​របស់​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ Donald​ Trump

(​រ៉​យ​ទ័​រ​)​ ៖​ ប្រទេស​គុយ​បា​បាន​ចោទប្រកាន់​ថា​ រដ្ឋបាល​ប្រធានាធិបតី​លោក​ Biden​ បាន​បន្ត​គោលនយោបាយ​របស់​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ Donald​ Trump​ ក្នុង​ការ​ប្រឆាំង​នឹង​ទីក្រុង​ Havana​ ជាមួយនឹង​ការ​សម្រេច​ដើម្បី​រក្សា​នូវ​ការ​ប្តេជ្ញា​ចិត្ត​នៃ​កំឡុង​ពេល​ដែល​លោក​ Trump​ កាន់​អំណាច​ ដោយ​និយាយ​ថា​ប្រទេស​គុយ​បា​មិន​បាន​សហការ​ពេញលេញ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​នោះ​ទេ​ ។​

​ក្នុង​កំណត់សម្គាល់​ខ្លី​មួយ​ដែល​បាន​ចុះបញ្ជី​ប្រទេស​គុយ​បា​រួម​ជាមួយ​ អ៊ី​រ៉​ង់​ សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ ស៊ី​រី​ និង​វ៉េ​ណេ​ហ្សូ​អេ​ឡា​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​លោក​ Antony​ Blinken​ បាន​សរសេរ​ថា​ “​ ខ្ញុំ​សូម​កំណត់​ និង​បញ្ជាក់​ជូន​សភា​ថា​ប្រទេស​ខាងក្រោម​មិន​សហការ​ពេញលេញ​ក្នុង​កិច្ច​ប្រឹងប្រែង​ប្រឆាំង​ភេរវកម្ម​របស់​សហរដ្ឋអាមេរិក​ទេ​” ។

​កំណត់សម្គាល់​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក​ Blinken​ នៅ​ថ្ងៃ​ទី​ ១៤​ ខែឧសភា​ ប៉ុន្តែ​ទើបត្រូវ​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គា​រ៍​។​

​លោក​ Bruno​ Rodriguez​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​ បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម​ Twitter​ ថា​ “​ ការ​និយាយ​បរិហារ​ណ៍​កេរ្តិ៍​នេះ​គឺ​ គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​ខឹងសម្បារ​ដូច​ការ​អនុវត្ត​គោលនយោបាយ​របស់​អតីត​ប្រធានាធិបតី​លោក​ Trump​ និង​ការ​ដាក់​ទណ្ឌកម្ម​ចំនួន​ ២៤៣​ របស់​លោក​”​ ។​

​ដោយ​មានការ​ស្នើ​សុំ​ពន្យល់​ពី​ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​ អ្នកតំណាង​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា​ “​ក្នុង​ការ​កំណត់​ជា​ប្រចាំឆ្នាំ​ស្តី​ពី​ ‘​ការ​មិន​សហការ​ពេញលេញ​’​ យើង​ធ្វើការ​ពិនិត្យ​ឡើង​វិញ​នូវ​កម្រិត​នៃ​កិច្ច​សហប្រតិបត្តិការ​ទាំងមូល​របស់​ប្រទេស​មួយ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​”​។​

​តំណាង​ក្រសួងការបរទេស​រូប​នេះ​បាន​បន្ថែម​ថា​ការ​ សម្រេចចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​សមត្ថកិច្ច​ របស់​ “​អាជ្ញាធរ​ដែល​មាន​លក្ខន្តិកៈ​តាម​ច្បាប់​ដាច់​ដោយឡែក​”​ ក្រៅពី​ការ​សម្រេចចិត្ត​របស់​អាជ្ញាធរ​ដែល​កំណត់​រដ្ឋ​ដែល​គាំទ្រ​ភេរវកម្ម​រដ្ឋ​។​

​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ Joe​ Biden​ ដែល​មក​ពី​បក្ស​ប្រជាធិបតេយ្យ​បាន​ប្តេជ្ញា​ក្នុងអំឡុងពេល​ធ្វើ​យុទ្ធនាការ​របស់​លោក​ដើម្បី​បញ្ចៀស​វិធានការ​មួយ​ចំនួន​ចំពោះ​គុយ​បា​របស់​គណបក្ស​សាធារណរដ្ឋ​ដែល​ “​បាន​បង្ក​ការ​ប៉ះពាល់​ដល់​ប្រជាជន​គុយ​បា​ហើយ​មិន​បាន​ធ្វើ​អ្វី​ដើម្បី​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​”​ ៕

 

 

មតិយោបល់