(រ៉យទ័រ) ៖ សាច់ញាតិរបស់លោក George Floyd បានជួបជាមួយប្រធានាធិបតីលោក Joe Biden នៅឯសេតវិមាន និងជួបជាមួយសមាជិកសភានៅវិមានរដ្ឋសភាដើម្បីជំរុញការអនុម័តច្បាប់កែទម្រង់នគរបាលដើម្បីឧទ្ទិសដល់ឈ្មោះមនុស្សជាទីស្រឡាញ់របស់ពួកគេ រយៈពេលមួយឆ្នាំបន្ទាប់ពីការសម្លាប់របស់លោក Floyd ដែលបានធ្វើឲ្យមានការរិះគន់ទូទាំងប្រទេសជុំវិញភាពអយុត្តិធម៌ពូជសាសន៍ ។
លោក Floyd ដែលមានអាយុ ៤៦ ឆ្នាំជាជនជាតិស្បែកខ្មៅដែលបានស្លាប់ដោយជាប់ខ្នោះដៃដោយនគរបាលជនជាតិស្បែកសក្នុងរដ្ឋ Minneapolis ដែលបានសង្កត់ជង្គង់នៅលើករបស់លោកអស់រយៈពេលជាង ០៩ នាទីបានក្លាយជាមុខសញ្ញានៃចលនាជាតិដែលប្រឆាំងនឹងភាពឃោរឃៅ និងភាពលំអៀងរបស់នគរបាលនៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌសហរដ្ឋអាមេរិក។
ពាក្យដែលគាត់និយាយមុនពេលស្លាប់គឺ “ខ្ញុំមិនអាចដកដង្ហើមបានទេ” បានក្លាយពាក្យស្លោកមួយនៅក្នុងបាតុកម្មតាមដងផ្លូវដែលបានធ្វើឲ្យសហរដ្ឋអាមេរិក និងពិភពលោកនៅរដូវក្តៅឆ្នាំមុនកំឡុងពេលមានជំងឺរាតត្បាតកូរូណាវីរុស។
ប៉ុន្តែជំនួបនៅការិយាល័យផ្ទាល់របស់ប្រធានាធិបតីកាលពីថ្ងៃច័ន្ទគឺជាការជួបលើកដំបូងដែលក្រុមគ្រួសាររបស់លោក Floyd ត្រូវបានគេរៀបចំនៅឯសេតវិមានដែលបក្សប្រជាធិបតេយ្យកាន់ដំណែងតាំងពីខែមករាមក ។
អតីតប្រធានាធិបតីលោក Donald Trump ដែលមកពីបក្សសាធារណៈរដ្ឋទទួលការរិះគន់យ៉ាងខ្លាំងចំពោះវោហារសាស្ត្រនយោបាយដែលត្រូវបានគេមើលឃើញថាបានបង្ករឱ្យមានភាពតានតឹងនៃការរើសអើងជាតិសាសន៍កើនឡើងកាន់តែខ្លាំងឡើងបន្ទាប់ពីការស្លាប់លោក Floyd ។
សាច់ញាតិរបស់លោក Floyd បានដើរដង្ហែរជាក្បួនទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃខួបនៃការស្លាប់របស់គាត់ដើម្បីបញ្ចុះបញ្ចូលប្រធានាធិបតីលោក Biden និងសភាឱ្យអនុម័តច្បាប់ដែលធានាការប្រព្រឹត្តិដោយយុត្តិធម៌ចំពោះជនជាតិភាគតិចក្នុងការអនុវត្តច្បាប់ ៕
មតិយោបល់