អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Lee Tae Hoon បានត្រឡប់មកប្រកបអាជីពនៅកម្ពុជាវិញហើយ បន្ទាប់ពីត្រូវសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ប្រកាសតែងតាំងលោកជាអ្នកចាត់ការក្រុមរបស់ខ្លួន ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នេះនៅសណ្ឋាគារសូហ្វីតែល។

សូមបញ្ជាក់ថា មុនត្រឡប់មកប្រឡូកអាជីពក្នុងវិស័យបាល់ទាត់នៅកម្ពុជាវិញ គ្រូបង្វឹកកូរ៉េខាងត្បូងលោក Lee Tae Hoon បានចំណាយពេល ២ឆ្នាំជាមួយក្លិប Hoang Anh Gia Lai – HAGL នៃលីគកំពូលវៀតណាម តែមិនសូវសមប្រកបនោះទេមុនត្រូវបានក្លិបសម្រេចចិត្ត ប្រកាសចែកគ្នាជាមួយលោកកាលពីចុងឆ្នាំ២០២០ កន្លងទៅ។

យ៉ាងណាក្ដី អ្នកគាំទ្រនៅតែចង់ចាំលោក Lee Tae Hoon ជានិច្ច បន្ទាប់ពីលោកធ្លាប់ចំណាយពេលជាង ៧ឆ្នាំជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិសេសការដឹកនាំក្រុមជម្រើសជាតិកម្ពុជា។ ដូច្នេះការវិលត្រឡប់នេះគេរំពឹងថា លោក Lee នឹងទទួលបានការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកគាំទ្រកម្ពុជា ពិសេសអ្នកគាំទ្រសមាគមកីឡាបាល់ទាត់ កងយោធពលខេមភូមិន្ទផ្ទាល់តែម្ដង ៕
មតិយោបល់