នាយករដ្ឋមន្រ្តីរបស់ប្រទេសអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា លោក Issac Herzog ត្រូវបានជ្រើសរើសជាប្រធានាធិបតីទី ១១ របស់អ៊ីស្រាអែល។ ចាប់ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១៨ លោក Herzog បានបម្រើការជាសមាជិកនៃអង្គការ Knesset និងបានកាន់មុខតំណែងជារដ្ឋមន្រ្តីជាច្រើនក្នុងកំឡុងពេលនោះ រួមទាំងមុខតំណែងជារដ្ឋមន្ត្រីក្រសួងសុខុមាលភាព និងសេវាកម្មសង្គមផងដែរ។
ក្នុងវ័យ ៦០ឆ្នាំ លោក Herzog បានឈ្នះសំឡេងឆ្នោតចំនួន ៨៧សំឡេង លើ ១២០សំឡេង ដែលទទួលបានលើសពីចំនួនសំឡេងឆ្នោតដែលជាតម្រូវការ ដោយក្នុងនោះលោកទទួលបាន ៦១សំឡេងពីសមាជិក Knesset ។ លោកនឹងជំនួសតំណែងប្រធានាធិបតីបច្ចុប្បន្ន គឺលោក Reuven Rivlin បន្ទាប់ពីថ្ងៃទី ១០ ខែកក្កដា។
គូប្រជែងដ៏សំខាន់របស់លោក Herzog គឺលោកស្រី Miriam Peretz ដែលជាគ្រូបង្រៀន និងជាសកម្មជនដែលមានបទពិសោធតិចតួចនៅក្នុងនយោបាយ។
លោក Rivlin បានបម្រើការជាប្រធានាធិបតីអ៊ីស្រាអែលអស់រយៈពេល ៧ឆ្នាំ។ តួនាទីនេះ គឺជានិមិត្តរូបយ៉ាងធំមួយនៅក្នុងប្រទេសអ៊ីស្រាអែលជាមួយនឹងរាល់ការសម្រេចចិត្តសំខាន់ៗទាក់ទងនឹងគោលនយោបាយក្នុងស្រុក និងការបរទេសដែលធ្វើឡើងដោយនាយករដ្ឋមន្រ្តី។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃពុធបានធ្វើឡើងបន្ទាប់ពីមានការចរចារដ៏តានតឹងរវាងអ្នកនយោបាយអ៊ីស្រាអែលមកពី Knesset ដែលមានសមាជិក ១២០នាក់ ដើម្បីបង្កើតរដ្ឋបាលថ្មីមួយដើម្បីបញ្ចប់ការងាររយៈពេល ១២ឆ្នាំរបស់លោក ណេតាន់យ៉ាហ៊ូ ៕
មតិយោបល់