បន្ទាប់ពីចរចា យ៉ាងស្វិតស្វាញ តាំងពីថ្ងៃចន្ទ មេដឹកនាំរបស់គណបក្សប្រឆាំងអ៊ីស្រាអែល លោក លោកយ៉ាអៀរ ឡាពីដ នៅទីបំផុត បានស្វែងរកការគាំទ្រ ចូលរួមពីគណបក្សចំនួន ៧ទៀត ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ដែលគេហៅថា រដ្ឋាភិបាល នៃការផ្លាស់ប្តូរ ដែលគ្មានលោកនាយករដ្ឋមន្រ្តី បិនចាមីន នេតាន់យ៉ាហ៊ូ។
នៅពេលនិយាយពីអ៊ីស្រាអែល គេស្គាល់តែនាយករដ្ឋមន្រ្តី អ៊ីស្រាអែល លោកបិនចាមីន នេតាន់យ៉ាហ៊ូ ដែលបានកា្រញអំណាច ដឹកនាំរដ្ឋាភិបាល អ៊ីស្រាអែល អស់១៥ឆ្នាំមកហើយ។ ប៉ុន្តែ ជាផ្លូវការ លោកបិនចាមីន នេតាន់យ៉ាហ៊ូ គ្មានមុខ នៅក្នុងរដ្ឋាភិបាលឯកភាពជាតិថ្មីរបស់អ៊ីស្រាអែលនោះទេ។
នៅក្នុងលិខិតផ្ញើទៅកាន់ប្រធានាធិបតី អ៊ីស្រាអែល កាលពីយប់ថ្ងៃពុធម្សិលមិញ ពោលគឺនៅសល់ប្រមាណ តែ ៣៥នាទី មុនផុតកាលកំណត់ ដើម្បីបង្កើតរដ្ឋាភិបាល ប្រមុខបក្សប្រឆាំង លោក យ៉ាអៀរ ឡាពីដ បានជូនដំណឹងទៅប្រធានាធិបតី ថា លោកបានប្រមែប្រមូល សំឡេងគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដែលគេហៅថា រដ្ឋាភិបាលនៃការផ្លាស់ប្តូរ។ ជារដ្ឋាភិបាល នៃការផ្លាស់ប្តូរ វានឹងទៅបិទបញ្ចប់សករាជដឹកនាំ របស់លោកបិនចាមីន នេតាន់យ៉ាហ៊ូ ដែលរចនាបាននិយាយខាងដើម គឺបានក្រាញអំណាច ដឹកនាំ អ៊ីស្រាអែល អស់ រយៈពេល ១៥ឆ្នាំមកហើយ។
ទម្រាំ ប្រមូលបានសំឡេងភាគច្រើន (៦១សំឡេង) ដើម្បីអាចបង្កើត រដ្ឋាភិបាលចម្រុះ គណបក្ស ប្រឆាំង របស់លោក យ៉ាអៀរ ឡាពីដ បានអូសទាញគណបក្សពីគ្រប់និន្នាការ។ ជាក់ស្តែង ដើម្បី យកឈ្នះ គណបក្ស Likud របស់លោកនាយករដ្ឋមន្រ្តី នេតាន់យ៉ាហ៊ូ តែមួយ ដែលមានសំឡេង អាសនៈ ៣០ នៅសភា មានគណបក្សដល់ទៅ ៨ ដែលបានចាប់ដៃរួមកម្លាំងគ្នា ដើម្បី អាចមានសំឡេង ភាគច្រើន ៦១ នៅរដ្ឋសភា ដើម្បី បង្កើតរដ្ឋាភិបាល។ នៅក្នុងចំណោមគណបក្សតូចៗទាំង ៨ ដែលបានរួមគ្នាបង្កើតរដ្ឋាភិបាលចម្រុះ កាលពីយប់ថ្ងៃពុធម្សិលមិញ មាន ពីរគណបក្ស ជាគណបក្សឆ្វេងនិយម គណបក្សកណ្តាលនិយមពីរ គណបក្សស្តាំនិយម ៣ និងគណបក្ស អារ៉ាប់អ៊ីស្រាអែលមួយ។ មានគណបក្សពីគ្រប់និន្នាការ មិនថា ស្តាំនិយមជ្រុល ឆ្វេងនិយម និងកណ្តាលនិយម មកចូលរួម បង្កើតរដ្ឋាភិបាលអ៊ីស្រាអែល។ នេះជារឿងដែលមិនធ្លាប់កើតមានទេ នៅអ៊ីស្រាអែល ហើយគេក៏មិននឹកស្មានថា នឹងអាចកើតមានទៅរួចដែរ។ ជាក់ស្តែង នៅក្នុងប្រវត្តិនយោបាយ អ៊ីស្រាអែលនៅ ជាង ២ទសវត្សរ៍ចុងក្រោយនេះ នេះជាលើកទី១ ដែលគេឃើញ គណបក្សអារ៉ាប់ អ៊ីស្រាអែល ប្រកាសចូលរួមក្នុងរដ្ឋាភិបាលអ៊ីស្រាអែល។
មតិយោបល់