ថ្មីៗនេះ ពិធីទទួលផ្លែស្វាយស្រស់កម្ពុជាដំបូងគេដែលបាននាំចេញទៅកាន់ប្រទេសចិន ត្រូវបានរៀបចំឡើងក្នុងតំបន់សួនដំណាំស្វាយនៃផ្សារផ្លែឈើ Xin Fa Di ក្នុងទីក្រុងBaoding ខេត្ត Hebei ប្រទេសចិន។ លោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន លោក Xu Ningning នាយកប្រតិបត្តិនៃក្រុមប្រឹក្សាកិច្ចការពាណិជ្ជកម្មចិន-អាស៊ាន និងអ្នកជំនួញផ្លែស្វាយជាច្រើនបានចូលរួមក្នុងពិធីខាងលើនេះ។
លោកជំទាវ ខែក កែម៉ាលី ស៊ីសូដា មានប្រសាសន៍ថា ការទទួលស្វាគមន៍ផ្លែស្វាយស្រស់ដំបូងបង្អស់របស់កម្ពុជាដែលបាននាំចេញទៅកាន់ប្រទេសចិន គឺជាសមិទ្ធផលថ្មីនិងជាព្រឹត្តិការណ៍សំខាន់មួយទៀតសម្រាប់ចំណងមិត្តភាពដែកថែបរវាងរដ្ឋាភិបាលនិងប្រជាជនទាំងពីរប្រទេស នឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចកាន់តែច្រើនជូនដល់កសិករកម្ពុជា។
គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២០ ចិននិងកម្ពុជាបានចុះហត្ថលេខានិងផ្លាស់ប្តូរពិធីសារស្តីអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិន។ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ពិធីនាំចេញផ្លែស្វាយកម្ពុជាដំបូងគេទៅកាន់ប្រទេសចិន ត្រូវបានរៀបចំឡើងក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា។ ផ្លែស្វាយគឺជាផ្លែឈើស្រស់ប្រភេទទី២របស់កម្ពុជាដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់បន្ទាប់ពីផ្លែចេក៕
មតិយោបល់