សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនគាំទ្រប្រជាជនចិននៅក្នុងការប្រយុទ្ធដើម្បីសិទ្ធិមនុស្សរបស់ពួកគេនៅមុនថ្ងៃគម្រប់ខួបនៃការបង្ក្រាបដ៏ប្រល័យនៅទីលាន Tiananmenក្នុងទីក្រុងប៉េកាំងនៅពេលដែលមានការតានតឹងយ៉ាងខ្លាំងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបង្អស់ទាំង២របស់ពិភពលោកនេះ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា ប្រទេសរបស់លោកនឹង «ផ្តល់កិត្តិយសដល់ការលះបង់របស់អ្នកដែលត្រូវបានសម្លាប់កាលពី៣២ឆ្នាំមុនហើយនិងសកម្មជនក្លាហានដែលបានខិតខំប្រឹងប្រែងពេលបច្ចុប្បន្នប្រឈមនឹងការបង្ក្រាបរបស់រដ្ឋាភិបាល»។
លោក Blinken បាននិយាយទៀតថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រប្រជាជនចិននៅពេលពួកគេទាមទារឲ្យរដ្ឋាភិបាលរបស់ពួកគេគោរពសិទ្ធិមនុស្សជាសាកល។ លោកថ្លែងដូច្នេះពេលលោកអំពាវនាវឲ្យមានតម្លាភាពទាក់ទិននឹងបញ្ហាទីលាន Tiananmen ។
លោកបាននិយាយបន្តទៀតថា ការណ៍នេះរួមបញ្ចូលទាំង «ការទទួលខុសត្រូវពេញលេញចំពោះអ្នកដែលត្រូវបានសម្លាប់ ឃុំឃាំងឬបាត់ខ្លួនទាំងអស់»។
ការនិយាយរំឭកអំពីរថក្រោះនិងកងទ័ពដែលបានបណ្តេញក្រុមអ្នកតវ៉ាប្រជាធិបតេយ្យអហិង្សានៅទីក្រុងប៉េកាំងនៅថ្ងៃទី៤ខែមិថុនាឆ្នាំ១៩៨៩ត្រូវបានហាមឃាត់នៅក្នុងប្រទេសចិនដីគោក។ ការអុចភ្លើងទៀនយ៉ាងច្រើនត្រូវបានធ្វើឡើងក្នុងរយៈពេល៣ទសវត្សកន្លងមកនៅក្នុងទីក្រុងហុងកុងដែលគ្រប់គ្រងពាក់កណ្តាលស្វយ័តមុនពេលមានការហាមឃាត់នេះ។
ទោះយ៉ាងណាទម្លាប់រាល់ថ្ងៃរបស់ប្រជាជនគាំទ្រលទ្ធិប្រជាធិបតេយ្យត្រូវបានបំផ្លាញនៅឆ្នាំនេះដោយប៉ូលិសរាប់ពាន់នាក់បានដាក់បម្រាមហាមឃាត់ការតវ៉ាហើយក្រុមមន្រ្តីបានព្រមានថា ច្បាប់សន្តិសុខជាតិថ្មីអាចត្រូវបានប្រើប្រាស់ប្រឆាំងនឹងអ្នកមិនគោរពច្បាប់។ការអុចទៀនបំភ្លឺកាលពីឆ្នាំមុនក៏ត្រូវបានហាមឃាត់ដែរដោយលើកហេតុផលជំងឺរាតត្បាត ប៉ុន្តែមនុស្សរាប់ម៉ឺននាក់បានប្រឆាំងនឹងការហាមឃាត់នេះហើយបានប្រមូលផ្តុំគ្នា៕
មតិយោបល់