ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ប្រកាសថា ទៅរុស្សី នៅអាទិត្យក្រោយ

ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នឹងទៅទស្សនកិច្ចជាផ្លូវការ នៅរុស្សី នាអាទិត្យក្រោយ ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិ្តការណ៍ប្រទេសទាំង២ និងចូលរួមប្រជុំខួបអនុស្សវរីយ៍លើកទី២០ រវាងរុស្សី និងប្រទេសអាស៊ាន។

សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងឱកាសពិធិចែកសញ្ញាបត្រជ័យលាភី ឲ្យនិស្សិតវិទ្យាស្ថានវ៉ាន់ដា ចំនួន៤,១៧៤នាក់ នាព្រឹកថ្ងៃ១០ ខែឧសភា ឆ្នាំ២០១៦ នៅមជ្ឍមណ្ឌលមហាស្របកោះពេជ្រ។

ក្នុងឱកាសពិធិចែកសញ្ញាបត្រនេះដែរ សម្តេចតេជោ បានអំពាវនាវ ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ខិតខំជួយប្រជាពលរដ្ឋតទៅទៀត នៅគ្រាដែលពួកគាត់កំពុងជួបការលំបាក បន្ថែមពីលើនេះ សម្តេចបានឲ្យអាជ្ញាធរខិតខំ ជីកអណ្តូងថ្មី ស្តារអណ្តូងចាស់ ជីកស្រះថ្មី ស្តារស្រះចាស់ និងជីកប្រឡាយថ្មី ស្តារប្រឡាយចាស់ ដើម្បីប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់រដូវកាល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចឯកភាពឲ្យបង្កើតគណៈកម្មការដេញថ្លៃឈើជាង ៧ម៉ឺនគូប ដែលរឹបអូសពីការជួញដូរខុសច្បាប់នោះ ដើម្បីកែច្នៃផ្គត់ផ្គង់នៅក្នុងស្រុក តែមិនមានការជួញដូរទៅក្រៅប្រទេសនោះទេ។ ការឯកភាពនេះធ្វើឡើង បន្ទាប់ពីសង្កេតឃើញថា ក្រសួងអប់រំ យុវជន និងកីឡា គ្មានលទ្ធភាព ដើម្បីទៅដឹកជញ្ជូនយកឈើទាំងអស់នោះ។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់និស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះទាំងអស់ បន្តខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹងបន្ថែមទៀត បើមិនដូច្នោះទេនឹងក្លាយជាជនអភិរក្សនិយម។ សម្តេចតេជោ បានបញ្ជាក់ថា ជំងឺអភិរក្សនិយមនេះ មានគ្រោះថ្នាក់ខ្លាំង ដែលប្រៀបដូចដុំថ្មសង្កត់លើពន្លក។

សម្តេចតេជោ បានថ្លែងរំលឹកថា សម្តេចត្រូវបានគេហៅថា ជារដ្ឋមន្រ្តីមិនទាន់បាត់ធំក្លិនទឹកដោះគោ នៅពេលសម្តេចឡើងធ្វើជារដ្ឋមន្រ្តីក្រសួងការបរទេស នៅសម័យរដ្ឋកម្ពុជា កាលពីទសវត្សរ៍ឆ្នាំ៨០។ ប៉ុន្តែនៅពេលនេះសម្តេចបានឈរជើង ក្នុងនាមជានាយករដ្ឋមន្រ្តីរហូតដល់ពេលនេះ៕

១

មតិយោបល់