អ្នកចាំទីក្រុមតោខៀវ Chelsea, Kepa Arrizabalaga ត្រូវបានកោះហៅអោយចូលហ្វឹកហាត់ក្នុងក្រុមជំរើសជាតិអេស្ប៉ាញ ដែលនឹងអាចមានឈ្មោះលេងនៅ Euro ២០២០ ក្រោយប្រធានក្រុម Sergio Busquet ឆ្លង Covid-19។
អេស្ប៉ាញមិនបានប្រកួតមិត្តភាពចុងក្រោយរបស់ខ្លួនទល់នឹងលីទុយអានីឡើយ បន្ទាប់ពីប្រធានក្រុម Sergio Busquet ឆ្លង Covid-19 កាលពីថ្ងៃអាទិត្យពោលគឺ ៨ថ្ងៃប៉ុណ្ណោះមុនអេស្ប៉ាញចាប់ផ្តើមប្រកួតនៅ Euro ខណៈកីឡាករផ្សេងទៀតទោះតេស្តអវិជ្ជមានពិតមែន តែត្រូវហ្វឹកហាត់ដាច់ដោយឡែក។
Kepa រួមជាមួយកីឡាករ ៥នាក់ផ្សេងទៀតរួមមានកីឡាកររបស់ Valencia, Carlos Soler កីឡាកររបស់ Celta Vigo, Brais Mendez កីឡាករបស់ Villarreal, Raul Albiol កីឡាករ West Ham, Pablo Fornals និងកីឡាកររបស់ Leeds, Rodrigo Moreno ត្រូវបានកោះហៅអោយហ្វឹកហាត់រួមគ្នា តែមិនឡូកឡំជាមួយកីឡាករទាំង ២៣នាក់ផ្សេងទៀតឡើយ ខណៈដែលកីឡាករទាំង ៦ អាចត្រូវបានកោះហៅ ប្រសិនមានកីឡាករផ្សេងទៀតតេស្តវិជ្ជមាន Covid-19។ ក្រុមអេស្ប៉ាញនឹងចាប់ផ្តើម Euro ២០២០ របស់ខ្លួនដោយនឹងត្រូវជួបជាមួយស៊ុយអែតនៅថ្ងៃទី១៤ សប្តាហ៍ក្រោយមុនបន្តជួបប៉ូឡូញថ្ងៃទី១៩ និងចុងក្រោយជួបស្លូវ៉ាគី៕
មតិយោបល់