ក្លិបបាល់ទាត់ទាំង ៦ របស់អង់គ្លេសបានយល់ព្រមទទួលពិន័យ ពីការចូលរួមបង្កើតពាន European Super League កាលពីខែមេសា។ នៅថ្ងៃទី១៨ ខែមេសាមានសេចក្តីប្រកាសមួយថា ក្លឹបកំពូលៗចំនួន ១២ របស់អឺរ៉ុបបានយល់ព្រមផ្តាច់ខ្លួនចេញពី UEFA និងបង្កើតលីគថ្មីដែលមានឈ្មោះថា European Super League។
ក្រុម Manchester United, Man City, Liverpool, Chelsea, Tottenham Hotspur និង Arsenal សុទ្ធតែមានឈ្មោះជាសមាជិក បូករួមជាមួយក្លិបបីនៅអ៊ីតាលី និងបីនៅអេស្ប៉ាញ។ ភ្លាមៗនោះដែរ ប្រតិកម្មក៏កើតមានឡើងខ្លាំងខ្លាផងដែរ និងមានការថ្កោលទោសពី UEFA ក៏ដូចជានាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ជាពិសេសគឺបាតុកម្មប្រឆាំងពីអ្នកគាំទ្រនៃក្លិបនីមួយៗ។ ក្រោយពីរងសំពាធខ្លាំង តោខៀវ Chelsea ជាក្រុមទី១ ដែលបានចាកចេញ ហើយក្លិបអង់គ្លេសចំនួន ៥ ផ្សេងទៀតក៏ដើរតាមក្រោយ ដោយគិតត្រឹមពេលនេះមានតែ Real Madrid, Barcelona និង Juventus ទេដែលមិនទាន់ចាកចេញ។

បើតាមការអោយដឹងពីសារព័ត៌មាន SkySports ថា ក្លិបទាំង ៦ របស់អង់គ្លេសនឹងត្រូវរងពិន័យ ២០លានផោនរួមគ្នា ពោលគឺមួយក្លិបត្រូវពិន័យជាង ៣លានផោន។ រំលឹកថា ប្រធានក្លឹប Real Madrid លោក Florentino Perez គឺជាអ្នកផ្ដួចផ្ដើមបង្កើតពានរង្វាន់នេះឡើង ហើយលោកបាននិយាយថា ក្លិបផ្សេងៗដែលដកខ្លួននោះ មិនអាចដើរចេញដោយស្រួលៗបែបនេះឡើយ ព្រោះពួកគេសុទ្ធតែត្រូវបានចងដោយកិច្ចសន្យា៕

មតិយោបល់