ទីភ្នាក់ងារសារព័ត៌មានកូរ៉េកណ្តាល (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើជាប្រធាននៃកិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការយោធាមជ្ឈឹមនៃបក្សពលករកូរ៉េ (WPK) ដោយក្នុងអំឡុងពេលនោះលោកបានពិភាក្សាអំពីការបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធរបស់កងទ័ព ដោយមើលឃើញអំពីស្ថានភាពផ្លាស់ប្តូរនៅក្នុងឧបទ្វីបកូរ៉េ។
យោងតាមទីភ្នាក់ងារសារព័ត៌មាននេះបានឱ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកនៃគណៈកម្មការយោធាមជ្ឈឹមនៃគណបក្ស WPK សមាជិកប្រតិបត្តិនៃកងទ័ពប្រជាជនកូរ៉េខាងជើង (KPA) ក៏ដូចជាសមាជិកនៃគណៈកម្មាធិការមជ្ឈឹមនៃគណបក្ស WPK ផងដែរ។
កិច្ចប្រជុំនេះបានពិនិត្យមើលអំពីការអភិវឌ្ឍបន្ថែមទៀតនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកូរ៉េខាងជើង ចំពេលដែលមានព្រឹត្តិការណ៍ថ្មីៗទាក់ទងនឹងស្ថានភាពនៅក្នុងប្រទេស និងនៅទូទាំងពិភពលោក។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា លោក គីម ក៏បានវិភាគអំពីស្ថានភាព និងជំហររបស់ KPA មុនពេលដាក់ចេញនូវគោលបំណងយុទ្ធសាស្ត្រ និងរំលេចចេញនូវមធ្យោបាយដើម្បីពង្រឹង និងអភិវឌ្ឍពួកគេផងដែរ។
ដូចដែលត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយ លោក គីម បាននិយាយបន្ថែមថា កងទ័ពប្រជាជនត្រូវតែការពារឱ្យបានខ្លាំងនូវអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេស ព្រមទាំងការពារគណបក្ស ការងារបដិវត្ត ផលប្រយោជន៍រដ្ឋ និងប្រជាជន និងការកសាងសង្គមនិយម៕
មតិយោបល់