ខ្សែការពារ Manchester City, Joao Cancelo បានធ្វើតេស្តឃើញវិជ្ជមាន Covid-19 មុន ២ថ្ងៃប៉ុណ្ណោះដែលក្រុមជំរើសជាតិព័រទុយហ្កាល់ ចាប់ផ្តើមប្រកួតដំបូងរបស់ខ្លួននៅ Euro ២០២០។
កីឡាករវ័យ ២៧ឆ្នាំរូបនេះត្រូវបានកោះហៅជំនួសដោយកីឡាកររបស់ AC Milan ដែលជាយុវជនអាយុក្រោម ២១ឆ្នាំព័រទុយហ្កាល់ Diogo Dalot។ ក្រៅពី Joao Cancelo មិនមានកីឡាកររបស់ព័រទុយហ្កាល់ណាម្នាក់ផ្សេងទៀតវិជ្ជមានឡើយ ខណៈ Joao Cancelo នៅពេលនេះកំពុងនៅដាច់ដោយឡែក។
ក្រុមការពារតំណែងជើងឯកព័រទុយហ្កាល់នឹងចាប់ផ្តើមការប្រកួត Euro របស់ខ្លួននៅក្នុងពូល F ទល់នឹងហុងគ្រីនៅទីក្រុម Budapest ស្អែកនេះ មុនពេលបន្តជួបជាមួយអាល្លឺម៉ង់នៅថ្ងៃទី ១៩ និងជួបបារាំងចុងក្រោយនៅថ្ងៃទី២៣ ខែមិថុនាដដែល។ សូមបញ្ជាក់ថា ព័រទុយហ្កាល់ជាក្រុមទី៣ ហើយនៅ Euro ដែលមានកីឡាករឆ្លង Covid-19 បន្ទាប់ពីអេស្ប៉ាញ និងស៊ុយអែត៕
មតិយោបល់