ព័ត៌មានជាតិ

Novavax បាន​ប្រកាសថា វ៉ាក់សាំងរបស់​ខ្លួន​​ មាន​ប្រសិទ្ធភាព ៩០% និង​ផ្ដល់​ការ​ការពារ​បាន​ល្អ​ប្រឆាំង​នឹង​វីរុស​កូវីដ១៩ បំប្លែង​ថ្មី

ក្រុមហ៊ុន​ជីវៈបច្ចេកវិទ្យា Novavax ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ការ​សាកល្បង​ដំណាក់កាល​ទី ៣ នៃ​វ៉ាក់សាំង​កូវីដ១៩ របស់​ខ្លួន បាន​បង្ហាញ​ថា វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព ៩០% នៅ​ក្នុង​ការ​បង្ការ​ជំងឺ​កូវីដ១៩ និង​ផ្ដល់​ការ​ការពារ​បាន​ល្អ​ប្រឆាំង​នឹង​វីរុស​កូវីដ១៩ បំប្លែង​ថ្មី។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ថា ការ​សាកល្បង​នេះ​មាន​អ្នក​ចូលរួម​ចំនួន ២៩.៩៦០ នាក់ នៅ​ទីតាំង​ចំនួន ១១៩ កន្លែង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ម៉ិកស៊ិក ដោយ​មាន​ការ​ផ្ដោត​លើ​ការ​ជ្រើសរើស​អ្នក​ចូលរួម​ពី​សហគមន៍​និង​ក្រុម​ប្រជាសាស្ត្រ​នានា​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយសារ​ជំងឺ​នេះ។

ស្រប​ពេល​ដែល​តម្រូវការ​វ៉ាក់សាំង​កូវីដ១៩ នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង តម្រូវការ​វ៉ាក់សាំង​នេះ​នៅ​ជុំវិញ​ពិភពលោក​នៅតែ​ចាំបាច់ ដោយសារតែ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​ទើបតែ​ចាប់ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សាំង ឬ​ក៏​មិន​ទាន់​បាន​ចាប់ផ្តើម​នៅឡើយ។

វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Novavax ដែល​ងាយ​ស្រួល​រក្សា​ទុក​និង​ដឹកជញ្ជូន​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ការ​បង្កើន​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press លោក Stanley Erck នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Novavax បាន​និយាយ​ថា៖ «វ៉ាក់សាំង​កូវីដ១៩ ដំបូងៗ​របស់​យើង​ជា​ច្រើន​ដូស​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម។ នេះ​គឺជា​គោលដៅ​ដែល​ត្រូវ​ចាប់ផ្តើម»។

លោក​វេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សា​កំពូល​ផ្នែក​ជំងឺ​កូវីដ១៩ នៃ​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​ប្រាប់​កាសែត The Washington Post ថា វ៉ាក់សាំង​នេះ «ពិតជា​គួរឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត»។ លោក​បាន​និយាយ​ថា វា​ជា​វ៉ាក់សាំង​ដែល​មាន​ប្រសិទ្ធភាព​ដូច​ទៅ​នឹង​វ៉ាក់សាំង​កូវីដ១៩ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​នានា​ដែល​ផលិត​ឡើង​កន្លង​មក។

លោក Fauci បញ្ជាក់​ដូច្នេះ​ថា៖ «វា​ជា​ការ​សំខាន់​ខ្លាំង​ណាស់​ដែល​ប្រជាពលរដ្ឋ​នៅ​លើ​ពិភពលោក​មាន​វ៉ាក់សាំង​កូវីដ១៩ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​មួយ​ទៀត ដែល​ការ​សាកល្បង​កន្លង​មក​របស់​វ៉ាក់សាំង​នេះ​បាន​បង្ហាញ​ថា វា​មាន​សុវត្ថិភាព​ល្អ»។

ក្រុមហ៊ុន Novavax មាន​បំណង​ដាក់​ពាក្យ​សុំ​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ១៩ របស់​ខ្លួន នៅ​ក្នុង​ត្រីមាស​ទី ៣ នៃ​ឆ្នាំ​នេះ នៅ​ក្រោយ​ការ​បញ្ចប់​ដំណើរការ​ត្រួតពិនិត្យ​គុណភាព​វ៉ាក់សាំង​នេះ​ដំណាក់កាល​ចុងក្រោយ​ដែល​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​បំពេញ​ទៅ​តាម​លក្ខខណ្ឌ​តម្រូវ​ផ្នែក​គីមី ផលិតកម្ម និង​ការ​ត្រួត​ពិនិត្យ៕

 

មតិយោបល់