ព័ត៌មានជាតិ

ចិន​កំពុង​ព្យាយាមសម្របសម្រួល​ក្នុង​ការ​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ ខណៈ​គូប្រជែង​គឺ​សហ​រដ្ឋ​អាមេរិក

ចិន​កំពុង​បង្ហាញ​ចំណាប់​អារម្មណ៍​ថ្មី​ក្នុង​ការ​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ទាក់ទង​នឹង​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​សម្បូរ​ធនធាន​ធម្មជាតិ​ ខណៈ​គូប្រជែង​គឺ​សហ​រដ្ឋ​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ​Joe Biden​ មាន​សន្ទុះ​ការ​ទូត​ជាមួយ​ចិន។​ នេះ​បើតាម​អ្នកវិភាគ​នៅអាស៊ី។​

ប្រទេសចិន​ដែលមាន​យោធា​និង​សេដ្ឋកិច្ច​ធំជាងគេ​នៅ​អាស៊ី​បាន​រៀបចំ​កិច្ច​ប្រជុំ​ដោយផ្ទាល់​និង​កម្រ​មួយ​នៅថ្ងៃ​ទី​៧និងទី​៨​ ខែ​មិថុនា ​ដោយ​មាន​រដ្ឋមន្រ្តី​ការ​បរទេស​នៃ​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំង​១០​និង​សមភាគី​ចិន​គឺ​លោក​ Wang Yi ។​

លោក ​Wang Yi និង​រដ្ឋមន្ត្រីសមាគម​អាស៊ាន​ដែល​មាន​១០​ប្រទេស​ ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៩​ ខែ​មិថុនា​អំពី​កិច្ច​ប្រជុំ​របស់​ពួកគេ​នៅ​ទីក្រុង ​Chongqing​ប្រទេស​ចិន​ថា​ ពួកគេ​បាន​ពិភាក្សា​គ្នា​ស្វែង​រក​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​បន្ត​ចរចា​បញ្ចប់​ក្រម​ប្រតិបត្តិ​អំពី​សមុទ្រ​ចិន​ខាង​ត្បូង។​

អ្នក​ជំនាញ​បាន​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​កិច្ចប្រជុំ​ខែ​នេះ​ ប្រទេស​ចិន​ចង់​ធ្វើ​ឱ្យ​រដ្ឋាភិបាល​អាស៊ីអាគ្នេយ៍​ឈរ​នៅ​ខាង​ខ្លួន​ហើយ​ចាកចេញ​ពី​សហ​រដ្ឋ​អាមេរិក។​

លោក​ Jay Batongbacal ​សាស្ត្រាចារ្យ​កិច្ចការ​នាវាចរណ៍​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ហ្វីលីពីន​ក្នុង​ទីក្រុង ​Quezon បាន​មាន​ប្រសាសន៍​ថា៖ «នេះ​នឹង​ជា​មធ្យោបាយ​មួយ​សម្រាប់​ប្រទេស​ចិន​ព្យាយាម​បង្កើន​ការ​ការពារ​ប្រឆាំង​នឹង​ការ​លេចចេញ​នូវ​ឥទ្ធិពល​គាំទ្រ​បស្ចិម​ប្រទេស»។​

ប្រទេស​ចិន​ទាមទារ​ប្រហែល​៩០%​នៃ​ដែន​សមុទ្រ​៣លាន ៥សែន​គីឡូម៉ែត្រ​ការ៉េ​ដែល​សម្បូរ​ជលផល​និង​ប្រេង។​ សមាជិក​អាស៊ាន​មួយ​ចំនួន​មាន​ប្រទេស​ព្រុយណេ​ ម៉ាឡេស៊ី​ ហ្វីលីពីន​ និង​វៀតណាម​ទាមទារ​ផ្នែក​ខ្លះ​ដែល​គង​នឹង​ការ​ទាមទារ​របស់​ចិន​ហើយ​តៃវ៉ាន់​ទាមទារ​ភាគ​ច្រើន​ជា​ផ្លូវ​ទឹក​ដែល​មាន​ជម្លោះ​នោះ៕

 

មតិយោបល់