លោក ឡូរ៉ង់ បាកបូ (Laurent Gbagbo) ធ្លាប់ធ្វើជាប្រធានាធិបតី ចន្លោះពី ឆ្នាំ២០០០ ដល់ ២០១១។ លោកត្រូវបានគេចោទប្រកាន់ ថាបានបញ្ជាឲ្យមានការសម្លាប់មនុស្ស យ៉ាងហោច៣០០០នាក់ នៅក្នុងអំឡុងពេលវិបត្តិនយោបាយ ក្រោយការបោះឆ្នោតឆ្នាំ២០១០ ដែលលោកបានបដិសេធ មិនទទួលជ័យជំនះ របស់លោក Alassane Ouattara។
នៅខែមេសា ឆ្នាំ២០១១ លោក ឡូរ៉ង់ បាកបូ ត្រូវបានគេចាប់ខ្លួន និងបញ្ជូនទៅដាក់ឃុំ រងចាំសវនាកានៅទីក្រុងឡាអេ ប្រទេសហូឡង់។ ១០ឆ្នាំក្រោយមក សាលដីកាសាលាឧទ្ធរណ៍ នៃតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ បានសម្រេចដោះលែងលោក នៅថ្ងៃទី៣១ ខែមីនា ២០២១។ បន្ទាប់ពីទទួលភ្លើងខៀវ ពីរដ្ឋាភិបាលកូតឌីវ័រ លោក ឡូរ៉ង់ បាកបូ បានធ្វើដំណើរត្រលប់ទៅកាន់រដ្ឋធានី អាប៊ីឌហ្សង់ វិញ នៅថ្ងៃទី១៧ មិថុនា។
នៅព្រលានយន្តហោះក្រុងព្រុចស៊ែល មេធាវីម្នាក់ដែលបានជូនដំណើរលោក ឡើងយន្តហោះ បានលើកឡើងថា លោក ឡូរ៉ង់ បាកបូ មានចិត្តរំភើបដែលបានត្រលប់ចូលស្រុកវិញ ហើយលោកនឹង ចូលរួមក្នុងការរៀបចំ កសាងការបង្រួបបង្រួមជាតិឡើងវិញ។ នៅទីក្រុងអាប៊ីដហ្សង់ លោកប្រធានាធិបតីកូតឌីវ័រ Alassane Ouattara បានរៀបចំ ឲ្យគេទទួលលោក ឡូរ៉ង់ បាកបូ ក្នុងមានជាអតីតប្រធានាធិបតី។ សកម្មជន និងសមាគមតំណាងជនរងគ្រោះ ក៏បានត្រៀមធ្វើបាតុកម្មនៅព្រលានយន្តហោះក្រុងអាប៊ីដហ្សង់ផងដែរ ដើម្បីបរិហារ អំពី « និទណ្ឌភាព »។
គួរបញ្ជាក់ថា ការត្រឡប់ចូលស្រុកវិញ របស់លោក ឡូរ៉ង់ បាកបូ ត្រូវបានក្រុមអ្នកគាំទ្រ ក៏ដូចជាគណបក្សលោក អបអរយ៉ាងខ្លាំង ថាលោកនឹងទៅសង្គ្រោះនយោបាយកូតដីវ័រ បន្ទាប់ពីស្ថិតក្រោយមការដឹកនាំរបស់លោក Alassane Ouattara ប្រមាណជិត៣អាណត្តិមកនេះ។ លោក Assoa Adou អគ្គលេខាធិការគណបក្ស FPI ដែលជាបក្សរបស់លោក ឡូរ៉ង់ បាកបូ បានលើកឡើងថា កូតឌីវ័រ បច្ចុប្បន្នកំពុងប្រឈមគ្រោះថ្នាក់ធំបំផុត គឺក្រុមជីហាតភេរវកម្ម។ ដូចគ្នាដែរ លោក Venance Konan អ្នកនិពន្ធ និងជាអ្នកកាសែតនៅកូតដីវ័រ បានលើកឡើងក្នុងអត្ថបទវិចារណកថាខ្លួនថា សាមគ្គី ឯកភាពជាតិកូតឌីវ័រ គឺជារឿងចាំបាច់បំផុតនាពេលនេះ ព្រោះកូតឌីវ័រ កំពុតស្ថិតនៅមាត់ជ្រោះគ្រោះថ្នាក់ បង្កឡើងដោយក្រុមជីហាតភេរវកម្ម៕
មតិយោបល់