ព័ត៌មានជាតិ

​ប្រទេស​អ៊ីរ៉ង់​កំពុង​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ខណៈ​​មាន​ការ​កើន​ឡើង​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩​ និង​សេដ្ឋកិច្ច​ដំាក្បាល​ចុះ

អ្នក​បោះ​ឆ្នោត​ក្នុង​ប្រទេស​អ៊ីរ៉ង់​កំពុង​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ថ្ងៃសុក្រ​នេះ។​ប៉ុន្តែ​ភាព​ព្រងើយ​កន្ដើយ​របស់​អ្នក​បោះ​ឆ្នោត​កំពុង​កើន​ឡើង ខណៈ​ប្រទេស​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​នេះ​មាន​ការ​កើន​ឡើង​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩​និង​សេដ្ឋកិច្ច​ដំាក្បាល​ចុះ​ដោយ​សារ​ទណ្ឌកម្ម​ពីសហរដ្ឋ​អាមេរិក។

លោក ​Hassan Rouhani ​ប្រធានាធិបតី​កំពុង​កាន់​អំណាចបាន​កាន់​តំណែង​នេះ​ជា​អតិបរិមា​ចំនួន​ពីរ​អាណត្តិ​រួច​មក​ហើយ។​បេក្ខជន​ជា​ច្រើនបាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ប្រជែង​ឬ​ត្រូវ​បាន​គេ​ដក​សិទ្ធិមិន​ឲ្យ​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​សុក្រ​នេះ។

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅបេក្ខជន​ប្រកាន់​តឹងរ៉ឹង​ពីរ​រូប​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​និង​បាន​ផ្ដល់​ការ​គាំទ្រ​ដល់​បេក្ខជន​ប្រកាន់​តឹងរ៉ឹង​មួយ​រូប​ទៀត​គឺ​លោក​ Ebrahim Raisi​ ដែល​ជា​ប្រធាន​តុលាការ​ប្រទេស​អ៊ីរ៉ង់។ ​អតីត​ប្រធាន​ធនាគារ​កណ្ដាល​គឺ​លោក​ Abdolnasser Hemmati ​បេក្ខជន​ម្នាក់​ទៀតដែល​នៅ​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​គឺ​ជា​បេក្ខជន​កែទម្រង់​និយម។

អ្នក​វិភាគ​នយោបាយ​បាន​និយាយ​ថា​អ្នក​ឈ្នះ​ទំនង​ជា​លោក​ Raisi​ អាយុ​៦០​ឆ្នាំ ​ដែល​បាន​ការគាំទ្រ​ពី​លោក Ayatollah Ali Khamenei​ មេ​ដឹក​នាំ​កំពូល។​ប្រវត្តិ​របស់​លោក ​Rasi ជាប់​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​អាច​នឹង​ធ្វើ​ឲ្យ​រូប​លោក​ក្លាយ​ជា​ប្រធានាធិបតី​មានបញ្ហា​ច្រើនជាមួយ​ប្រទេស​លោក​ខាង​លិច។​នេះ​បើ​យោង​តាមអ្នក​វិភាគ​នយោបាយអ៊ីរ៉ង់​គឺ​លោក​ Behnam Ben​ Taleblu​ ធ្វើការ​នៅ​មូលនិធិ​សម្រាប់​ការ​ការពារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។​

បេក្ខជន​ប្រធានាធិបតី​អ៊ីរ៉ង់​ទំាងអស់​គំាទ្រ​ការ​ចរចា​ដើម្បី​ស្ដារ​កិច្ច​ព្រម​ព្រៀង​អាវុធ​នុយក្លេអ៊ែរ​ឡើង​វិញ៕

 

មតិយោបល់