ព័ត៌មានជាតិ

ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​នៅក្នុង​ប្រទេស​ប្រេស៊ីល​ បាន​កើនឡើងដ​ល់​ជាង​ ៥ សែន​នាក់​ ដែលជា​ចំនួន​ខ្ពស់​បំផុតទី ២​ នៅលើ​ពិភពលោក​

រលក​យក្ស​ចម្លង​កូវីដ​លើកទី៣​ កំពុង​បោកបក់​ទៅលើ​ប្រេស៊ីល​ដែល​ជា​ប្រទេស​ដ៏ធំ​មួយ​នៅ​អាមេរិក​ខាងត្បូង​។ ការ​ឆ្លង​រាតត្បាត​កូវីដ១៩​ នៅតែ​មាន​សន្ទុះខ្លាំង​ ហើយ​បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ប្រេស៊ីល​ លោក ម៉ាសេឡូ កេរ៉ូហ្គា (Marcelo Queiroga) រហូត​មក​ទល់​នឹង​ពេលនេះ​ មនុស្សចំនួនជាង​ ៥ សែននាក់​បាន​បាត់បង់​ដោយសារជំងឺ​កូវីដ​។

កាលពីថ្ងៃសៅរ៍​ ទី១៩​ មិថុនា​ម្សិលមិញ​ អាជ្ញាធរ​សុខាភិបាល​ប្រេស៊ីលបាន​រាយការណ៍​ថាក្នុង​ចំណោម​អ្នក​ស្លាប់ចំនួន​ ៥សែន​ ៨ រយនាក់​ មាន​ ២ ៤០១​ នាក់​ បាន​ស្លាប់​ក្នុងរយៈពេល​ ២៤ ចុងក្រោយ​។ នេះ​គឺជា​អត្រា​ដ៏​ច្រើន​ ក៏​ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​បាន​លើក​ឡើងថា​ចំនួនអ្នក​ស្លាប់ពិតជាក់ស្តែង​មានច្រើន​ជាងនេះ​ទៅទៀត​។

នៅសប្តាហ៍នេះ​ ចំនួន​មធ្យម​នៃអ្នកស្លាប់​ប្រចាំថ្ងៃ​ដោយសារកូវីដ​មានលើសពី​ ២ ពាន់នាក់​ ជាលើកដំបូង​ចាប់តាំងពីសប្តាហ៍ទី២​ខែ​ឧសភាមក​។ លោក Ethel Maciel អ្នក​ជំនាញ​ខាង​ជំងឺ​រាត​ត្បាតម្នាក់​មកពី​សាកលវិទ្យាល័យ​មួយ​របស់ប្រេស៊ីល​បានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ថា​រលក​ចម្លងយក្សកូវីដទីបី​មក​ដល់​ប្រេស៊ីលហើយ​ ហើយវា​កំពុង​ធ្វើ​ឲ្យ​កើន​ឡើង​នូវ​ចំនួន​អ្នកឆ្លង​និង​អ្នកស្លាប់​នៅក្នុង​ប្រទេស​អាមេរិក​ខាងត្បូង​មួយនេះ​។

ក្រុមអ្នកជំនាញ​បាន​បង្ហាញក្តីបារម្ភខ្លាំង​ចំពោះ​ស្ថានភាព​កូវីដ​នៅ​ប្រេស៊ីល​ថា​អាច​នឹង​មាន​សភាព​កាន់តែអាកក្រក់ទៅៗ​ ពីព្រោះថា​ការ​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ​មានភាព​យឺតយ៉ាវ​ខ្លាំង​។ ជាក់ស្តែង​ រហូតមកទល់នឹងពេលនេះ​មានតែ​មនុស្ស​ពេញវ័យ​ចំនួន​ត្រឹមតែ​ ១៥ % ប៉ុណ្ណោះ​ ដែល​បាន​ទទួលការចាក់ថ្នាំបង្ការកូវីពេញលេញ​។ នេះ​ បើតាម​វិទ្យាស្ថាន​សុខភាព Fiocruz។

ប្រធានាធិបតីប្រេស៊ីលលោកហ្សាអៀរ ​បុលសូណារ៉ូ​ បាន​រងការ​រិះគន់យ៉ាងខ្លាំង​ចំពោះ​ការមិន​ព្រម​ចាត់​វិធានថ្នាក់ជាតិ​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរីករាលដាលកូវីដ​។ មាន​មតិ​ជាច្រើន​បាន​លើកឡើងថា​ស្ថានភាព​កូវីដ​នៅប្រេស៊ីល​មិនអាច​ល្អ​ប្រសើរឡើង​ ពីព្រោះតែ​លោកប្រធានាធិបតី​នៅបដិសេធមិនព្រមដាក់ចេញនូវវិធានការដូចជា​ ការបិទ​ខ្ទប់ប្រទេស រក្សាគម្លាតសង្គម​ និងកាតព្វកិច្ចពាក់ម៉ាស់ជាដើម។ល។

ចំណែក​លោក​ប្រធានាធិបតី បុលសូណារ៉ូវិញ​បានលើកឡើងថា​ ផលប៉ះពាល់​សេដ្ឋកិច្ចបណ្តាលមកពីការបិទខ្ទប់ប្រទេស គឺធ្ងន់ធ្ងរខ្លាំង​ ជាងផលប៉ះពាល់បង្កឡើងដោយ​ជំងឺកូវីដ១៩ទៅទៀត​។ បន្ថែមលើនេះ​ លោកបានសង្កត់​ធ្ងន់​ថា​ លោក​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ហើយ​ក្នុងការ​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ពី​ប្រទេស​មួយចំនួន​ដើម្បី​យក​មក​ចាក់ជូន​ប្រជាជន​៕

 

មតិយោបល់