(អាត្លង់តា)៖ ខ្យល់ព្យុះត្រូពិកឈ្មោះ Claudette បានផ្ដាច់ជីវិតមនុស្ស ១២នាក់នៅក្នុងរដ្ឋ Alabama ដោយវាបានបោកបក់ឆ្លងកាត់ភាគអាគ្នេយ៍សហរដ្ឋអាមេរិក និងបានបង្កឱ្យកើតមានព្យុះកួចកំណាច Torndoes ដែលនាំមកជាមួយគ្រោះទឹកជំនន់បំផ្លាញផ្ទះសម្បែងរាប់សិបខ្នងផងដែរ។
ខ្យល់ព្យុះកួចដ៏កំណាច Torndoes ដែលត្រូវបានបង្កឡើង នៅក្នុងកំឡុងពេលកើតមានខ្យល់ព្យុះត្រូពិក Claudette បានធ្វើឱ្យមនុស្ស ១០នាក់ស្លាប់ កាលពីចុងសប្ដាហ៍កន្លងទៅ (ពេលវេលានៅអាមេរិក) នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយនៅចម្ងាយប្រហែល ៥៥គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុង ម៉ុនហ្គោម៉ឺរី (Montgomery) រដ្ឋ Alabama ខណៈមនុស្សជាច្រើនទៀតបានរងរបួស។ ចំណែកឯ មនុស្ស ២នាក់ទៀតដែលរស់នៅទីក្រុង Tuscaloosa រដ្ឋ Alabama ក៏បានស្លាប់ផងដែរ ដោយសារដើមឈើរលំសង្កត់។
ករណីស្លាប់នេះបានកើតឡើងនៅពេលមានភ្លៀងធ្លាក់ខ្លាំង នៅភាគខាងជើងនៃរដ្ឋ Alabama និងរដ្ឋ ចរចៀ (Georgia) កាលពីល្ងាចថ្ងៃសៅរ៍សប្ដាហ៍មុន។ ទឹកភ្លៀងប្រហែល ៣០សង់ទីម៉ែត្រ ត្រូវបានគេរាយការណ៍នៅតាមបណ្តោយឈូងសមុទ្ររដ្ឋ មីស៊ីស៊ីពពី (Mississippi)៕
ប្រភព៖ AP
មតិយោបល់