(កង់បេរ៉ា)៖ ប្រជាជនដែលរស់នៅទីក្រុងស៉ីដនីនៃប្រទេសអូស្រ្តាលី ត្រូវបានហាមឃាត់លើការធ្វើដំណើរចាកចេញពីទីក្រុង នៅថ្ងៃពុធនេះ ខណៈអាជ្ញាធរអូស្រ្តាលី កំពុងព្យាយាមបញ្ឈប់ការឆ្លងនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមមកពីប្រទេសឥណ្ឌា) កុំឲ្យរាលដាលទៅកាន់តំបន់ផ្សេងទៀត។
វិធានការរឹតត្បិតខាងលើកើតមានឡើង បន្ទាប់ពីមនុស្សសរុបជាង ៣០នាក់ហើយ ត្រូវបានគេធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 គិតចាប់តាំងពីការឆ្លងជាចង្កោមនេះ បានផ្ទុះឡើងដំបូងនៅតំបន់ឆ្នេររបុនឌី (Bondi Beach) ដ៏ពេញនិយមបំផុតរបស់ទីក្រុងស៉ីដនី កាលពីសប្តាហ៍មុន ខណៈអាជ្ញាធរអូស្រ្តាលីកំពុងជួបការលំបាកក្នុងការបញ្ឈប់វា។ ប្រជាជនមួយចំនួនធំនៃប្រជាជនសរុបចំនួន ៥លាននាក់នៅទីក្រុងស៊ីដនី គឺត្រូវស្ថិតក្រោមការអនុវត្តវិធានការហាមឃាត់លើការធ្វើដំណើរនេះ ហើយគ្រប់ដណ្តប់តំបន់ចំនួន០៧ ដែលករណីឆ្លងជំងឺ COVID-19 ត្រូវបានរកឃើញ។
តែយ៉ាងណាក៏ដោយ អាជ្ញាធរអូស្រ្តាលី មិនបានបញ្ជាឱ្យបិទភោជនីយដ្ឋាន និងរង្គសាលនានានោះទេ ប៉ុន្តែការច្រៀងនិងរាំកម្សាន្ត ត្រូវបានហាមឃាត់ ខណៈព្រឹត្តិការណ៍ធំៗ នៅតែអាចបន្តរៀបចំឡើង ជាមួយការកំណត់ទទួលមនុស្សឲ្យចូលទស្សនា បានត្រឹមតែ៥០ភាគរយប៉ុណ្ណោះ៕
ប្រភព៖ AFP
មតិយោបល់