នេះជាលើកទី១ ដែលកងទ័ពមីយ៉ាន់ម៉ា បានផ្ទុះអាវុធ ជាមួយ កងកម្លាំងការពារប្រជាជន នៅក្នុងទីក្រុងMandalay ទីក្រុងធំទី២របស់មីយ៉ាន់ម៉ា។ កងកម្លាំងការពារប្រជាជន ជាក្រុមប្រឆាំង នឹងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា ដែលបានងើបតស៊ូ កាន់អាវុធ ប្រឆាំងកងទ័ពមីយ៉ាន់ម៉ា នៅក្រោយ ការបង្រ្កាបបង្ហូរឈាម របស់កងទ័ពដែលបានសម្លាប់មនុស្ស ជាង ៨៧០នាក់ គិតចាប់តាំងពីខែកុម្ភៈ ដើមឆ្នាំ២០២១។
កន្លងមក កងកម្លាំងការពារប្រជាជន ដែលភាគច្រើនសំបូរដោយក្រុមយុវជន តែងលួចវាយឆ្មក់ទៅលើកងទ័ពមីយ៉ាន់ម៉ា នៅតាម ភូមិដាច់ស្រយាល ប៉ុន្តែ មិនដែលជួបប្រយុទ្ធ ជាមួយកងទ័ពមីយ៉ាន់ម៉ា នៅតាមទីក្រុងនោះទេ។ នៅថ្ងៃ អង្គារ ក្រុមដែលអះអាងខ្លួនជាកងកម្លាំងការពារប្រជាជន People Defence Force (PDF) ប្រចាំទីក្រុងMandalay បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ក្រុមខ្លួនថា សមាជិករបស់ខ្លួនបានបាញ់តដៃវិញ នៅពេលកងទ័ពមីយ៉ាន់ម៉ា ចូលឈ្លានពានទីតាំងមួយកន្លែងរបស់ក្រុមខ្លួន នៅMandalay។
ការប្រយុទ្ធគ្នាមួយប្រាវ រវាង កងកម្លាំងការពារប្រជាជន និងកងទ័ពមីយ៉ាន់ម៉ា ដែលមានជំនួយពី រថក្រោះជាច្រើនគ្រឿង បានកើតឡើងនៅអន្តេវាសិកដ្ឋានមួយកន្លែង ដែល កងទ័ពមីយ៉ាន់ម៉ាអះអាងថា ជាទីតាំងលាក់ខ្លួន របស់ក្រុមប្រដាប់អាវុធខុសច្បាប់។
តាមអ្នកនាំពាក្យរបស់កងទ័ពមីយ៉ាន់ម៉ា ដែលដកស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង AFP គេបានសម្លាប់ជនប្រឆាំង ៤នាក់ ចាប់ខ្លួន មនុស្ស៨នាក់ និងរឹបអូសបានអាវុធ និងគ្រាប់បែកច្នៃ ជាច្រើនគ្រាប់។ កងទ័ពបានពន្លយឲ្យដឹងថា មានទាហានមីយ៉ាន់ម៉ា មួយចំនួន បានរងរបួស នៅក្នុងការប្រយុទ្ធគ្នា កាលពីថ្ងៃអង្គារ ប៉ុន្តែ កងកម្លាំងការពារប្រជាជនវិញ អះអាងថា មានទាហានមីយ៉ាន់ម៉ា ២នាក់ ស្លាប់ ដោយសារស្នាដៃរបស់ក្រុមប្រឆាំង។
ថ្វីត្បិតថា កងកម្លាំងការពារប្រជាជន ដែលកើតចេញមកពីចលនាប្រឆាំងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា មានសមត្ថភាពស្តួចស្តើង និងអាវុធតិចតួច មិនអាចប្រយុទ្ធយកឈ្នះ លើកងទ័ពមីយ៉ាន់ម៉ា ដែលបំពាក់ដោយសព្វាវុធគ្រប់គ្រាន់ ប៉ុន្តែ ការប៉ះទង្គិចដោយអាវុធ រវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមប្រឆាំងប្រដាប់អាវុធ កាលពីថ្ងៃអង្គារ អាចឲ្យគេយល់បានថា សង្រ្គាមស៊ីវិលនៅមីយ៉ាន់ម៉ា បានចាប់លេចមុខបណ្តើរៗហើយ។ ក្រៅតែជាប់ដៃប្រយុទ្ធជាមួយ ក្រុមប្រឆាំង ប្រដាប់អាវុធ កងទ័ពមីយ៉ាន់ម៉ាកំពុងរងការវាយប្រហារផងដែរ ពីកងកម្លាំងជនជាតិភាគតិច ជាពិសេស ក្រុមទាហានការ៉ែន ដែលបានចេញមុខ គាំទ្រក្រុមប្រឆាំង នឹងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា៕
មតិយោបល់