ព័ត៌មានជាតិ

សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ នឹង រួមដៃគ្នាប្រឆាំងរាល់គ្រប់ សកម្មភាពបង្កហេតុរបស់រុស្ស៊ី

នៅក្នុង​ដំណើរ​ទស្សនកិច្ចនៅក្នុង​ប្រទេស​អាល្លឺម៉ង់​​ជា​លើក​ដំបូង លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​ធានា​អះអាង​​ចំពោះ​មុខ​​សមភាគី​អាល្លឺម៉ង់ថា សហរដ្ឋ​អាមេរិក​និង​អាល្លឺម៉ង់​​បន្ត​កាន់​ដៃ​គ្នាវេញ​ជា​ធ្លុង​មួយ ប្រឆាំង​រាល់​គ្រប់​សកម្មភាព​គ្រោះ​ថ្នាក់ និង​បង្កហេតុ​ របស់រុស្ស៊ី​​ មិន​ថា​ជា​​សំណុំ​រឿង​រំលោភ​បំពាន​អ៊ុយក្រែន ឬ​ការ​បំពុល​ប្រមុខ​បក្ស​ប្រឆាំង​ អាឡិចស៊ី ណាវ៉ាល់នី ឬ​ការ​លួច​ជ្រៀតចូល​​​មក​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិតប៉ះពាល់​​លទ្ធិប្រជាធិបតេយ្យ​​​ឡើយ។

ប៉ុន្តែ​ចំពោះ​សំណុំ​រឿង​ ​​សាង​សង់​បំពង់​បង្ហួរ​ប្រេង Nord Stream ភ្ជាប់​ពី​រុស្ស៊ី មក​អាល្លឺម៉ង់ដោយ​មិន​ឆ្លង​កាត់​អ៊ុយក្រែន​វិញ សហរដ្ឋ​អាមេរិក​មាន​ជំហរ​អារិភាព​ជា​និច្ច។ នេះ​បើ​តាម​ការគូស​បញ្ជាក់​របស់​លោកប្រមុខ​ការ​ទូត​អាមេរិក ដោយ​បន្ថែម​ថា ទោះ​មាន​ជំហរ​ប្រឆាំង​មែនក៏​ដោយ​ ក៏​អាមេរិក​នឹង​សង្ឃឹម​ថា​នឹងអាច​​សម្រុះសម្រួល​ជាមួយ​ប៊ែរ​ឡាំង​បាន។

សូម​បញ្ជាក់​ថា ​គម្រោងសាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​ពី​រុស្ស៊ី​​មក​អាល្លឺម៉ង់​ ដោយ​ពុំ​ឆ្លង​កាត់​អ៊ុយក្រែន​ ធ្លាប់​ត្រូវ​បាន​រដ្ឋបាល​អាមេរិក​ក្រោម​កា​រដឹកនាំ​​របស់​លោក​ដូណាល់​ត្រាំ​ ប្រឆាំង​ដាច់​ខាត និងបាន​ធ្វើ​ឱ្យទំនាក់ទំនង​អាមេរិក-អាល្លឺម៉ង់​ធ្លាក់​ដុន​ដាប​យ៉ាង​ខ្លាំង។ នៅ​ពេល​នេះ ក្រោម​អាណត្តិ​របស់​លោក​ចូបៃ ​អាមេរិកជ្រើសរើស​ការ​ផ្សះ​ផ្សា។ កាលពី​ខែ​ចុង​ខែ​ឧសភា រដ្ឋាភិបាល​លោក​ចូ បៃដិន បាន​សម្រេច​ចិត្ត​មិន​ដាក់​ទណ្ឌកម្ម​ភាគី​ចម្បងៗ​ពាក់ព័ន្ធ​នឹង​គម្រោង​​Nord Stream​នេះ​ទេ។

វ៉ាស៊ីនតោន​បាន​ចាប់​ផ្តើម​ចរចា​ជាមួយ​អាល្លឺម៉ង់​ ដើម្បី​សម្រុះ​សម្រួល​គ្នា រក​ដំណោះស្រាយ​ណា​ ដែល​មិន​ប៉ះពាល់​ដល់​សន្តិសុខ​ថាមពល​​របស់​អឺរ៉ុប។ អាមេរិក​មាន​​កម្មវត្ថុ​ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​រុស្ស៊ី​យក​ថាមពល​មក​ធ្វើថ្នូរ​សម្រាប់​ចាំ​បង្ខំ ឬ​​ជា​អាវុធ​​ប្រឆាំង​អ៊ុយក្រែន និង​ប្រទេស​ណាមួយ​នៅ​អឺរ៉ុប។ ប្រមុខ​ការ​ទូត​អាល្លឺម៉ង់​បាន​បញ្ជាក់​ដែរ​ថា ខាង​ភាគី អាល្លឺម៉ង់​ក៏​នឹង​ប្រឹង​ធ្វើ​គ្រប់​យ៉ាង​​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​របស់​អាមេរិក និងមិន​រំខាន​ការងារ​អាមេរិក។ ទាំង​ពីរ​ភាគី​សង្ឃឹម​ថា ការ​​ចរចា​អាល្លឺម៉ង់​-អាមេរិក​មាន​លទ្ធផល​​ជឿន​លឿន​ច្រើន នៅ មុនដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​នៅ​សេតវិមាន ថ្ងៃទី ១៥​កក្កដា​ខាង​មុខ​នេះ​ផង និង​​អាច​​ឈាន​ដល់​ការ​សម្រេច​ព្រមព្រៀង​គ្នា​ នៅ​ខែ​សីហា ដើម្បី​ឱ្យ​រដ្ឋាភិបាល​អាមេរិក​អាច​បង្ហាញ​របាយការណ៍​សាង​សង់​បំពង់​បង្ហូរ​ឧស្ម័ន​រុស្ស៊ី និង​ដាក់ទណ្ឌកម្ម​រុស្ស៊ី ​ទៅ​សភា​។

មតិយោបល់