កាលពីថ្ងៃពុធ អធិការបតីអាល្លឺម៉ង់ លោកស្រី អេនជេឡា មឺកែល បាននិយាយថា ទម្រង់ថ្មីនៃមេរោគកូរ៉ូណាវីរុសទំនងជានឹងលេចចេញបន្ថែមទៀតនៅមុនពេលដែលពិភពលោកត្រូវបានចាក់វ៉ាក់សាំងពេញលេញ ខណៈដែលលោកស្រីបានអំពាវនាវឱ្យមានការបើកឡើងវិញដោយប្រុងប្រយ័ត្នខ្ពស់។
នៅពេលដែលត្រូវបានសភាសួរថា តើនៅពេលណាទើបការរឹតបន្តឹងដោយសារជំងឺកូវីដ-១៩ នឹងត្រូវបានលុបចោលនោះ លោកស្រី មឺកែល បាននិយាយថា «ទម្រង់ផ្សេងៗនៃវីរុសអាចលេចឡើង ហើយយើងត្រូវរំពឹងថារឿងនេះអាចកើតឡើងជានិច្ចដរាបណាពិភពលោកមិនទាន់ត្រូវបានចាក់វ៉ាក់សាំងពេញលេញ»។
លោកស្រី មឺកែល បាននិយាយថា ស្ថានភាពជំងឺរាតត្បាតនៅក្នុងប្រទេសអាល្លឺម៉ង់នឹងមានស្ថានភាពល្អប្រសើរនៅក្នុងរដូវក្តៅ បន្ទាប់ពីចំនួននៃការឆ្លងក្នុងចំណោមមនុស្សចំនួន ១០០ ០០០នាក់ក្នុងរយៈពេល ៧ថ្ងៃចុងក្រោយនេះបានធ្លាក់ចុះនៅទូទាំងប្រទេសមកនៅត្រឹមមួយខ្ទង់។
លោកស្រីបានព្រមានថា «ស្ថានភាពនៃជំងឺរាតត្បាតកំពុងលើកទឹកចិត្ត និងអនុញ្ញាតឱ្យមានការបើកប្រទេសឡើងវិញ។ វាមានលក្ខណៈសមាមាត្រ។ ប៉ុន្តែខ្ញុំសង្កត់ធ្ងន់ថា យើងត្រូវតែមានការប្រយ័ត្នប្រយែងខ្ពស់ដោយសារតែជំងឺរាតត្បាតនេះនៅមិនទាន់ចប់ទេ។ យើងនៅតែស្ថិតលើទឹកកកស្តើងដដែល»។
លោកស្រី មឺកែល បាននិយាយថា ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសនៅតែជាគន្លឹះសំខាន់ក្នុងការកម្ចាត់វីរុសនេះ ស្របពេលដែលមានការកើនឡើងនៃករណីដែលទាក់ទងនឹងការឆ្លងទម្រង់វីរុសឌែលតា។ លោកស្រីបាននិយាយថា អ្នករាល់គ្នាទំនងជានឹងទទួលបានការចាក់វ៉ាក់សាំងនៅត្រឹមថ្ងៃទី ២១ ខែកញ្ញាខាងមុខនេះ៕
មតិយោបល់