ព័ត៌មានជាតិ

ប៉ូលិស​ហុងកុងបាន​ចាប់​ខ្លួន​មនុស្ស៩នាក់​ដោយ​សង្ស័យ​ថា​បានរួម​ក្នុង​សកម្មភាព​ភេរវកម្ម ​​ប៉ុនប៉ង​ផលិត​គ្រឿង​ផ្ទុះ​និង​ដាក់​គ្រាប់បែក​

ប៉ូលិស​ហុងកុង​នៅ​ថ្ងៃ​អង្គារ​​បាន​និយាយ​ថា ពួក​គេ​បាន​ចាប់​ខ្លួន​មនុស្ស៩នាក់​ដោយ​សង្ស័យ​ថា​បាន​ចូលរួម​ក្នុង​សកម្មភាព​ភេរវកម្ម បន្ទាប់​ពី​ប៉ូលិស​បាន​រក​ឃើញការ​ប៉ុនប៉ង​ផលិត​គ្រឿង​ផ្ទុះ​និង​ការ​ដាក់​គ្រាប់បែក​នៅ​ទីក្រុង​នេះ។​

ការ​ចាប់​ខ្លួន​នេះ​បាន​កើត​ឡើង​ចំ​ពេល​មាន​ការ​បែក​បាក់​ផ្នែក​នយោបាយ​នៅ​ទីក្រុង​ហុងកុង​ រយៈ​ពេល​ពីរ​ឆ្នាំ​បន្ទាប់​ពី​ការ​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ដ៏​ច្រើន​កុះករ​បាន​ធ្វើ​ឲ្យ​កក្រើក​ទីក្រុងពាក់​កណ្តាល​ស្វ័យភាព​របស់​ជនជាតិ​ចិននេះ។ ​ការ​ចាប់​ខ្លួន​នេះ​ធ្វើឡើង​មួយ​ឆ្នាំ​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ដាក់​ចេញ​ច្បាប់​សន្តិសុខ​ថ្មី​ដ៏​តឹងរ៉ឹង​ទៅ​លើ​ទីក្រុង​ដែល​ធ្លាប់​នៅ​ក្រោមអាណានិគម​អង់គ្លេស​នេះ។​

ក្នុង​ចំណោម​មនុស្ស​៩​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ ​មាន​៦​នាក់​ជា​សិស្ស​អនុវិទ្យាល័យ។ ​ប៉ូលិស​បាន​និយាយ​ថា​ ​ក្រុម​នេះ​បាន​ព្យាយាម​ផលិត​គ្រឿង​ផ្ទុះ​ធ្វើ​ពី​សារធាតុ ​Triacetone Triperoxide (TATP) ​ក្នុង​មន្ទីរពិសោធន៍​នៅ​ផ្ទះ​មួយ​កន្លែង។​

លោក ​Li Kwai-wah ​អធិការ​ជាន់​ខ្ពស់​នៃ​នាយកដ្ឋាន​សន្តិសុខ​ជាតិប៉ូលិស​ហុងកុង​ បាន​ឲ្យ​ដឹង​ថា ​ អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​៩​នាក់​ មាន​បុរស​៥​នាក់​ និង​ស្ត្រី​៤​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​១៥​ទៅ ៣៩​ឆ្នាំ។​

ប៉ូលិស​ក៏​បាន​បង្កក​ទ្រព្យ​សម្បត្តិ​ចំនួន​៦​សែនដុល្លារ​ហុងកុង​ដែល​ពួក​គេ​និយាយ​ថា​ អាច​ជាប់​ទាក់ទង​នឹង​ផែនការ​នេះ។ ​ក្រុម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា​ សមាជិក​ទាំងអស់​នៃ​ក្រុមនេះ​គ្រោង​ចាក​ចេញ​ពី​ហុងកុងជារៀង​រហូត​ ហើយ​ពួកគេ​គ្រោង​នឹង​ធ្វើ​វិទ្ធង្សនា​នៅហុងកុង​ មុន​ពេល​ចាកចេញ។​
មេ​ដឹកនាំ​ទីក្រុង​ហុងកុង​គឺ​អ្នកស្រី ​Carrie Lam ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ថ្ងៃអង្គារ​ថា អ្នកស្រី​សង្ឃឹម​ថា ​សមាជិក​សាធារណជននឹង​«ថ្កោលទោស​ដោយ​បើក​ចំហ​ចំពោះ​ការ​គំរាម​កំហែង​នៃ​អំពើ​ហិង្សា»។​

អ្នកស្រី ​Lam ​បាន​និយាយ​ថា ​ស្រោម​សំបុត្រ​ដែល​មាន​ម្សៅ​ពណ៌ស​ ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​របស់​អ្នកស្រី។ ​ប៉ូលិស​បាន​ឲ្យ​ដឹង​កាលពីថ្ងៃ​អង្គារ​​ថា ​សារធាតុ​នេះ​កំពុងត្រូវ​បានវិភាគ​ ប៉ុន្តែ​ពួក​គេ​មិន​ជឿ​ថា វា​បង្ក​គ្រោះ​ថ្នាក់​ទេ។​

កាលពី​ខែ​ធ្នូ ​ឆ្នាំ​២០១៩ អាជ្ញាធរ​បាន​ដោះ​គ្រាប់បែក​២​គ្រាប់​នៅ​ក្នុង​សាលា​កាតូលិក​ក្នុង​តំបន់​មួយ។​ គ្រាប់បែក​ច្នៃ​ដែលបញ្ជាពី​ចម្ងាយ​មួយ​ក៏​ត្រូវ​បាន​ដោះដែរនៅ​ក្បែរ​រថយន្ត​ប៉ូលិស​ក្នុង​ឆ្នាំ​២០១៩​ នៅ​ពេល​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កំពុង​កើត​ឡើង៕

 

 

មតិយោបល់