ព័ត៌មានជាតិ

លោកស្រី ទ្រី ដាណា បានឧបត្ថម្ភថវិកា ៣៥,០០០ដុល្លារ ដល់កាកបាទក្រហមកម្ពុជា ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រខេត្តពោធិ៍សាត់

 

ភ្នំពេញ៖ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ លោកស្រី ទ្រី ដាណា អគ្គនាយិកា ក្រុមហ៊ុន ដាណាទ្រី (ខេមបូឌា) ត្រេឌីង ខូអិលធីឌី និងឧកញ៉ា ហ៊ីង បញ្ញារិទ្ធ ឧបត្ថម្ភថវិកា ៣៥,០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះ ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងឱ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសធម៌របស់ លោកស្រី ទ្រី ដាណា និងឧកញ៉ា ហ៊ីង បញ្ញារិទ្ធ ដែលបានឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជា។

កាកបាទក្រហមកម្ពុជា ក៏បានប្រគល់ផ្ទះចំនួន ៥០ខ្នង ជាជំហានទី១ ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៥០គ្រួសារ រួចមកហើយដែរ កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ ហើយគ្រោងនឹងរៀបចំពិធីប្រគល់-ទទួលផ្ទះចំនួន ១៣០ខ្នង-១៥០ខ្នងទៀត ជាជំហានទី២ នៅដេីមខែសីហា ឆ្នាំ២០២១ខាងមុខនេះផងដែរ។

សូមបញ្ជាក់ថា ផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ X ៧ម៉ែត្រ, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់តិ៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី និងតតាកខាងក្រោយផ្ទះធ្វើជាចង្ក្រានបាយ ដែលចំណាយថវិកាតម្លៃ ៣,៥០០ដុល្លារអាមេរិក។ ដោយឡែក បង្គន់អនាម័យដាច់ដោយឡែកមួយទៀត មានតម្លៃ ២៧០ដុល្លារអាមេរិក៕

 

មតិយោបល់