(Reuters) – កាលពីថ្ងៃអង្គារ អង្គការឃ្លាំមើលអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបាននិយាយថា អ៊ីរ៉ង់បានចាប់ផ្តើមដំណើរការផលិតសារធាតុអ៊ុយរ៉ាញ៉ូមដែលជាសកម្មភាពមួយដែលអាចជួយប្រទេសនេះអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ហើយប្រទេសមហាអំណាចអឺរ៉ុបចំនួនបីបាននិយាយថា វាបានគំរាមដល់កិច្ចចរចាដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឆ្នាំ ២០១៥ ឡើងវិញ ។
វិធានការរបស់អ៊ីរ៉ង់ដែលត្រូវបានបញ្ចេញដោយទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ ហើយដែលទីក្រុងតេអេរ៉ង់បាននិយាយថាក្នុងគោលបំណងដើម្បីអភិវឌ្ឍឥន្ធនៈសម្រាប់ម៉ាស៊ីនរ៉េអាក់ទ័រសម្រាប់ការស្រាវជ្រាវ ក៏ទទួលបានការរិះគន់ពីសហរដ្ឋអាមេរិកដែលហៅថាជា “ជំហានថយក្រោយគួរឲ្យសោកស្តាយ” ។
មន្រ្តីសហរដ្ឋអាមេរិក និងអឺរ៉ុបបានបញ្ជាក់យ៉ាងច្បាស់ថាការសម្រេចរបស់អ៊ីរ៉ង់នឹងធ្វើឲ្យស្មុគស្មាញ និងអន្តរាយដល់ការជជែកដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលព្យាយាមនាំប្រទេសទាំងពីរឲ្យគោរពតាមកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលត្រូវបានបោះបង់ចោលដោយអតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក Donald Trump ។
កិច្ចព្រមព្រៀងនេះបានដាក់បំរាមលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីធ្វើឲ្យទីក្រុងតេអេរ៉ង់ពិបាកក្នុងការអភិវឌ្ឍសម្ភារៈសម្រាប់អាវុធនុយក្លេអ៊ែរជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច ។ បន្ទាប់ពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Trump ដកខ្លួនចេញ អ៊ីរ៉ង់បានចាប់ផ្តើមបំពានលើបំរាមជាច្រើន ។
ទីក្រុងតេអេរ៉ង់បានផលិតសារធាតុអ៊ុយរ៉ាញ៉ូមក្នុងបរិមាណតិចតួចនៅឆ្នាំនេះ ដែលមិនទាន់បាន ចម្រាញ់។ នេះគឺជា ការរំលោភលើកិច្ចព្រមព្រៀង ដែលហាមឃាត់រាល់សកម្មភាពពាក់ព័ន្ធសារធាតុអ៊ុយរ៉ាញ៉ូមដោយហេតុថាវាអាចត្រូវបានប្រើដើម្បីបង្កើតជាគ្រាប់បែកនុយក្លេអ៊ែរ ៕
មតិយោបល់