(ព័រអូប្រ៉ាំង)៖ ប្រទេសហៃទីបានស្នើសុំជំនួយយោធាពីកងកម្លាំងសន្តិសុខរបស់អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ដើម្បីជួយការពារហេដ្ឋរចនាសម្ពន្ធនានារបស់ខ្លួនដូចជាអាកាសយានដ្ឋាន និងកំពង់ផែជាដើម បន្ទាប់ពីការធ្វើឃាតប្រធានាធិបតីលោក Jovenel Moise។
លោក Jovenel Moise ត្រូវបានក្រុមឃាតកបាញ់សម្លាប់នៅឯគេហដ្ឋានរបស់លោកក្នុងរដ្ឋធានីព័រអូប្រ៉ាំងកាលពីថ្ងៃពុធកន្លងទៅនេះ។ ការស្នើសុំជំនួយយោធាពី សហរដ្ឋអាមេរិកត្រូវបានលើកឡើងនៅក្នុងកិច្ចសន្ទនាមួយរវាងនាយករដ្ឋមន្ត្រីស្ដីទីហៃទី លោក Claude Joseph និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃពុធកន្លងទៅ ហើយហៃទីក៏បានស្នើសុំជំនួយពីកងកម្លាំង សន្តិសុខអង្គការសហប្រជាជាតិផងដែរកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
ខាងអង្គការសហប្រជាជាតិមិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ ខណៈសហរដ្ឋអាមេរិកបានសន្យាថានឹងបញ្ជូនក្រុមមន្ត្រីជាន់ខ្ពស់ជាច្រើននាក់មកពីស្ថាប័នប៉ូលិស FBI និងក្រសួងសន្តិសុខមាតុភូមិអាមេរិកទៅកាន់ប្រទេសហៃទីក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន។
បើតាមប៉ូលិសហៃទី ការធ្វើឃាតប្រធានាធិបតីលោក Jovenel Moise ប្រព្រឹត្តឡើងដោយក្រុមឃាតកជាកុម្ម៉ង់ដូរពិសេសមួយក្រុមដែលមានសមាជិក ជាជនជាតិកូឡុំប៊ី២៦នាក់ និងពលរដ្ឋអាមេរិកដើមកំណើតហៃទី២នាក់ មានឈ្មោះថា James Solages និង Joseph Vincent មកពីរដ្ឋផ្ល័ររីដា សហរដ្ឋអាមេរិក។
ពួកគេទាំងនេះរួមជាមួយជនសង្ស័យជាច្រើននាក់ទៀតត្រូវបានប៉ូលិសហៃទី
ចាប់ខ្លួននៅក្នុងការផ្ទុះអាវុធដាក់គ្នាមួយនៅជាយរដ្ឋធានីព័រអូប្រ៉ាំង។ ចំណែកឯ ជនសង្ស័យ៣នាក់ត្រូវបានសម្លាប់ និង៨នាក់ផ្សេងទៀតកំពុងរតគេចខ្លួន៕
ប្រភព៖ AFP
មតិយោបល់