ព័ត៌មានជាតិ

កូវីដទម្រង់ថ្មី (ដែលតា) កំពុង​បំភ័យ​ពិភពលោក និង​ជំរុញ​ឱ្យ​បណ្តាប្រទេស​ជា​ច្រើន ចាប់ផ្តើម​រឹត​បន្តឹង​វិធានការ​សារ​ជា​ថ្មី

មេរោគ​កូវីដ​បំប្លែង​ខ្លួន​ “ដែលតា” ដ៏​មហា​ឆ្លង​ដែល​កំពុង​រាតត្បាត​ចម្លងខ្លាំង​និង​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំងពិសេស​តែម្តង។ លេច​ឡើង​ជា​ដំបូង​នៅ​ប្រទេស​ឥណ្ឌា​ “ដែលតា” ជា​មេរោគ​កូវីដ​បំប្លែង​ដែល​ឆ្លងខ្លាំង​ជាង​បំផុត​​គ្មាន​ប្រៀប កំពុង​តែបង្ក​ឱ្យ​មាន​សន្ទុះ​កំណើន​អ្នក​ឆ្លង​ច្រើន​នៅអាស៊ី អាហ្វ្រិក និង​​កំពុង​ចាប់​បំប៉ោង​តួលេខ​នៅ​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិកទៀត។​ អឺរ៉ុប​ដែល​ទើប​បានបិទ​បញ្ចប់​រលក​ចម្លង​ទីបី និង​មាន​ស្ថានភាព​ទូទៅ​​ធូរ​ស្បើយបន្តិច ក៏​ចាប់​រាប់​ឃើញ​ចំនួន​អ្នកវិជ្ជមាន​​​ស្ទុះ​ឡើង​ជា​ថ្មី​។

ខ្លាច​មាន​រលក​ចម្លង​ជា​លើក​ទីបួន រដ្ឋាភិបាល​ជាច្រើន​បាន​ចាប់​ផ្តើម​រឹត​បន្តឹង​វិធានការ​ឡើង​វិញ។ នៅ​ហូឡង់ អេស្ប៉ាញ ដោយ​ហេតុ​តែ​ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​បានកើន​ឡើង​មួយ​ជា​៧​ ក្នុង​រយៈ​ពេល​តែ​មួយ​សប្តាហ៍​ រដ្ឋាភិបាល​បាន​សម្រេចបិទ​អាហារដ្ឋាន រង្គសាល​មុន​ទម្លាប់​ នៅ​ម៉ោង​១២​យប់។​ ម៉ាល់ត៍ ជា​ប្រទេស​នៅអឺរ៉ុប​ដំបូង​គេ​ដែល​សម្រេច​បិទ​ព្រំដែនជា​ថ្មី​​មិន​ឱ្យ​ទេសចរ​គ្មាន​វ៉ាក់សាំង​ចូល​។

​ប្រធានាធិបតីបារាំង​​ត្រូវ​ថ្លែង​​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ ស្តីពី​ស្ថានភាព​សុខាភិបាល​បង្ក​ឡើង​កូវីដ​១៩ នៅ​ចន្ទទី ១២​កក្កដា តែ​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​បារាំង បាន​ណែនាំ​ឱ្យ​រដ្ឋាភិបាល​បារាំង​មួល​ខ្ចៅ​​វិញ និង​សំណូម​ពរ​ឱ្យ​បញ្ចូល​ការ​ចាក់ថ្នាំ​បង្ការ​ប្រឆាំង​កូវីដ​១៩​ ជា​កាតព្វកិច្ច​ចាំ​បាច់​របស់​ពលរដ្ឋ។

នៅ​រុស្ស៊ី ចំនួន​អ្នក​ឆ្លង​និង​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ កើន​ឡើង​បំបែក​កំណត់ត្រា​ចាស់​ជា​រៀង​រាល់ថ្ងៃ​។ កូរ៉េខាង​ត្បូង​ដែល​ល្បី​ខាង​មាន​ចំណាត់​ការ​ប្រឆាំង​កូវីដ​១៩​ល្អ​ជាងគេ ត្រៀម​ដាក់​ក្រុង​សេអ៊ូល​ក្នុង​បម្រាម​ដ៏​តឹង​តែង​បំផុត​ជា​ថ្មី​ដូច​កាលផ្ទុះ​ជំងឺ​រាតត្បាត​ដំបូង ព្រោះ​ចំនួន​អ្នក​ឆ្លង​មាន​កើន​ឡើង​ខ្លាំង​បំផុត​បី​ថ្ងៃ​ជាប់​គ្នា​មក​ហើយ។ ហុកដៃដូ ហ្វូគុស្ហ៊ីម៉ា បាន​សម្រេច​ដើរ​តាម​គន្លង​​ក្រុង​តូក្យូ មិន​អនុញ្ញាត​ឱ្យ​ទស្សនជន​​ចូលមើល​ការ​ប្រកួត​កីឡា​អូឡាំពិក​ទេ៕​

 

មតិយោបល់