អាជ្ញាធរទីក្រុងរ៉ូអ៊ីលីនៃប្រទេសចិនបានសម្រេចដាក់បំពាក់បច្ចេកវិទ្យាសម្គាល់មុខ ដើម្បីតាមដានដំណើរចេញ-ចូល និងស្ថានភាពសុខភាពរបស់មនុស្ស នៅពេលពួកគេចូលនិងចាកចេញពីកន្លែងរស់នៅ ផ្សារទំនើប ទីតាំងដឹកជញ្ជូន និងកន្លែងសាធារណៈផ្សេងទៀត។
រាល់អ្នកដំណើរទាំងអស់ដែលចេញចូលក្រុងរ៉ូអ៊ីលី ត្រូវមានលេខកូដសុខភាព និងត្រូវគេស្កែនមុខជាមុនសិន ដើម្បីអាចធ្វើដំណើរឆ្លងកាត់ទៅមកបាន។
យោងតាមរបាយការណ៍មួយដែលចេញផ្សាយនាថ្ងៃអង្គារ ទី១៣ កក្កដា មានករណីឆ្លងកូវីដចំនួន ១៥៥ ករណីត្រូវបានគេកត់ត្រាកាលពីសប្តាហ៍កន្លងទៅនៅក្នុងទីក្រុងរ៉ូអ៊ីលីនៃខេត្តយូណានរបស់ចិន ។ ១៥៥ ករណីនេះគឺជាចំនួនឆ្លងដ៏ច្រើនសម្រាប់ចិនបើគិតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
អាជ្ញាធរក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបករណ៍សុវត្ថិភាពដូចជាកាមេរ៉ាសម្គាល់មុខ សោទ្វារវៃឆ្លាត និងរបាំងផ្លូវ (គ្រប់គ្រងដោយប៉ូលិសឬអ្នកស្ម័គ្រចិត្តសហគមន៍) ត្រូវបានគេដាក់នៅតាមគ្រប់ទីតាំងសំខាន់ៗ។
មកទល់នឹងពេលនេះ គ្មានការបញ្ជាក់ប្រាប់ព័ត៌មានលម្អិតនោះទេ ថាតើទិន្នន័យដែលគេចាប់យកបាននឹងត្រូរក្សាទុកយូរប៉ុណ្ណា ឬក៏ថា តើមន្រ្តីចិននឹងបិទប្រព័ន្ធដែលប្រមូលនិន្នន័យបាននៅពេលណា។ ការណ៍នេះ ធ្វើឲ្យ គេបារម្ភថា វិធីសាស្ត្ររបស់ចិន ក្នុងការចាប់សម្គាល់ផ្ទៃមុខ និងទិន្នន័យរបស់អ្នកដំណើរប៉ះពាល់ដល់សិទ្ធិឯកជនរបស់ពួកគេ។
ការស៊ើបអង្កេតមួយរបស់កាសែតញូវយ៉កថែមស៍កាលពីខែមករាបានបង្ហាញថា ក្រុមហ៊ុនអេឡិចត្រូនិចយក្សចិន Alibaba ដែលជាអ្នកបង្កើតកម្មវិធីតាមដានប្រវត្តិធ្វើដំណើរ និងការធ្វើតេស្តរកមេរោគកូវីដបានចែករំលែកទិន្នន័យជាមួយអាជ្ញាធរ។
គួរជ្រាបថា ក្នុងពេលជំងឺកូវីដរាតត្បាតខ្លាំងក្នុងប្រទេសចិន ប៉ូលិសនៅតាមទីក្រុងធំៗបានពាក់មួកសុវត្ថិភាព បំពាក់ដោយបច្ចេកវិទ្យាសម្គាល់មុខ និងកាមេរ៉ាសម្រាប់វាស់ស្ទង់កំដៅអ្នកដំណើរថ្មើរជើង។ កាលណោះ ក្រុមអ្នកការពារសិទិ្ធមនុស្សបានរិះគន់វិធានការរបស់ចិននេះថា ធ្វើឡើងដើម្បីបំបិទសំឡេងអ្នកប្រឆាំង និងសំដៅចំពោះក្រុមជនជាតិភាគតិច៕
មតិយោបល់