ព័ត៌មានជាតិ

អ្នកបកប្រែអាហ្វហ្គានីស្ថាន ២០,០០០នាក់ ស្នើសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ខណៈបារម្ភខ្លាចតាលីបង់សងសឹក

 

(វ៉ាស៊ីនតោន)៖ ជនជាតិអាហ្វហ្គានីស្ថាន ២០,០០០នាក់ ដែលធ្លាប់បម្រើការជាអ្នកបកប្រែឱ្យកងទ័ពអាមេរិក ក្នុងសង្រ្គាមនៅអាហ្វហ្គានីស្ថានបានដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោន នៅសហរដ្ឋអាមេរិក ខណៈពួកគេកំពុងព្រួយបារម្ភពីការសងសឹកពីសំណាក់ក្រុមតាលីបង់នោះ។

អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកក៏កំពុងពិចារណាផងដែរ លើការដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោន ដោយក្រុមគ្រួសារជាច្រើននាក់ទៀតរបស់អតីតអ្នកបកប្រែឱ្យកងទ័ពអាមេរិក។

ប៉ុន្តែលោកស្រី មិនបានបញ្ជាក់ថា មានប៉ុន្មានគ្រួសារដែលបានដាក់ពាក្យ ស្នើសុំសិទ្ធិជ្រកកោន នៅសហរដ្ឋអាមេរិកនោះទេ ខណៈមានការប៉ាន់ស្មាន ជាច្រើនថា ជនជាតិអាហ្វហ្គានីស្ថានដែលមានសិទ្ធិស្របច្បាប់ អាចដាក់ពាក្យសុំសិទ្ធិជ្រកកោន គឺមានរហូតដល់ជាង ១០០,០០០នាក់ឯណោះ។ ដោយឡែក បើតាមក្រុមមន្ត្រីអាមេរិក ការជម្លៀសប្រជាជនអាហ្វហ្គានីស្ថាន ដែលធ្លាប់បម្រើការឱ្យកងទ័ពអាមេរិក អាចនឹងធ្វើនៅក្នុងខែកក្កដានេះ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថា កងទ័ពអាមេរិកនឹងត្រូវដកចេញទាំងស្រុងពីអាហ្វហ្គានីស្ថាន នៅត្រឹមចុងខែសីហាខាងមុខនេះ ពោលគឺឱ្យបាន
មុនថ្ងៃខួបវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ហើយមកទល់នឹងពេលនេះ សហរដ្ឋអាមេរិកសម្រេចបានការដកកងទ័ព បានច្រើនជាង ៩០ភាគរយ៕

ប្រភព៖​​​​​​​ AP

 

 

មតិយោបល់