ព័ត៌មានជាតិ

ចែកចាញគ្រឿងញៀនចេញពីផ្ទះសំណាក់(លូទូស) ត្រូវនគរបាលបង្រ្កាបនិងឃាត់ខ្លួនបានមនុស្ស០៥នាក់បន្តបន្ទាប់

ភ្នំពេញ: មុខសញ្ញាជួញដូរគ្រឿងញៀនចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រាលនិងកម្លាំង​កងអន្ត​រាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះជួយខណ្ឌដូនពេញ ចាប់បង្រ្កាបបន្តបន្ទាប់ ក្នុងករណី​២ផ្សេងគ្នា ព្រមទាំងដកហូតថ្នាំញៀនច្រើនកញ្ចប់ផងដែរ ។

មន្ត្រីនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ការបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើឡើង២ផ្សេងគ្នា ដោយករណីទី១ ធ្វើ​ឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១ និង៣០នាទី រំលងអាធ្រាត្រ កម្លាំងនគរបាលផ្នែកយុត្តិធម៌​នៃ​អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកម្លាំងប៉ុស្តិ៍ផ្សារកណ្តាល២ បានសហការជាមួយកម្លាំងការិយាល័យ​ព្រហ្ម​ទណ្ឌកម្រិតស្រាល និងកម្លាំងកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះជួយខណ្ឌដូនពេញ​​បានឃាត់ខ្លួនក្រុមជនសង្ស័យប្រុសនិងស្រីបន្តបន្ទាប់ចំនួន៤នាក់ នៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៣០ ភូមិ​០៤ សង្កាត់ផ្សារចាស់ និងចំណុចផ្ទះសំណាក់យីហោ (លូទូស) បន្ទប់លេខ១០២ នៅផ្លូវលេខ១៣៦ សង្កាត់ផ្សារ​កណ្តាល១ ខណ្ឌដូនពេញ ។

មន្ត្រីនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ក្រុមជនសង្ស័យទាំង៤នាក់ដែលឃាត់ខ្លួននេះ ទី១.ឈ្មោះ ញ៉ូ ហ៊ិនរី រដ្ឋានី (ហៅលិ) ភេទប្រុស អាយុ២៣ឆ្នាំ ។ទី២.ឈ្មោះ ភួង វ៉ាវីន ភេទប្រុស អាយុ២១ឆ្នាំ ។ទី៣.ឈ្មោះ សុទ្ធ ថាប់ ភេទស្រី អាយុ៣៣ឆ្នាំ ។ និងទី៤.ឈ្មោះ សួរ មករា ភេទប្រុស អាយុ២៣ឆ្នាំ។ ក្នុងនោះដែរ សមត្ថកិច្ចដក​ហូត​បានវត្ថុតាងរួមមាន ថ្នាំញៀនចំនួន១០កញ្ចប់តូច និងម៉ូតូម៉ាកស្ទេប មួយគ្រឿង និងវត្ថុតាងមួយចំនួនទៀត។

មន្ត្រីនគរបាលខណ្ឌដូនពេញបានបន្តឲ្យដឹងទៀតថា ចំណែកការបង្រ្កាបមួយករណីទី១ ធ្វើឡើងនៅថ្ងៃទី ៣ខែ​កញ្ញា ដដែលនៅវេលាម៉ោង៣និង៣០នាទី រំលងអាធាត្រ កម្លាំងនគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរ បាល​ខណ្ឌដូនពេញ បានសហការជា មួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនិងកម្លាំងកងអន្តរាគម ន៍ពិសេសនៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះជួយខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ទៀតឈ្មោះ. អិត សុផល ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ធំ និង១កញ្ចប់តូចរួមទាំងម៉ូតូ១គ្រឿងម៉ាកស៊ីរ៉ូស ពណ៌ក្រ​ហម ជញ្ជីងសម្រាប់ថឹងថ្នាំញៀនមួយ និងកូនកន្ត្រៃ១ កូនកាបូបដៃ១។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់កំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការ​សាកសួរកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីនៃច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់