ព័ត៌មានជាតិ

តើសម្បក​ខ្ទឹមបារាំង មានសារៈប្រយោជន៍អ្វីខ្លះ?

យើង​បកសម្បក​ខ្ទឹមបារាំង​រួច​ក៏​បោះ​វា​ចោល​ទៅក្នុង​ធុងសំរាម ព្រោះតែ​យើង​គិតថា​វា​គ្រាន់តែ​ជា​ផ្នែក​ខាងក្រៅ មិនមាន​ប្រយោជន៍​អី្វ​នឹងត្រូវ​រក្សាទុក​ទៀត​នោះទេ ប៉ុន្តែ​ការពិតទៅ​ការ​បោះចោល​សម្បក​ខ្ទឹមបារាំង​គឺ​ប្រៀបបាន​ទៅនឹង​ការបោះ​ចោល​នូវ​គុណប្រយោជន៍ ដ៏​សំខាន់​មួយ​ដែល​អ្នក​មិនដែល​នឹកស្មាន​ដល់។

សម្បក​ខ្ទឹមបារាំង​លាក់ទុក​នូវ​ជាតិ​សរសៃ និង Phenolic ដែល​អាចជួយ​ការពារ​អ្នក​ពី​ជំងឺ​បេះដូង ហើយ​ក៏មាន​សមត្ថភាព​អាចជួយ​គ្រប់គ្រង​សម្ពាធ​ឈាម និង​ការពារ​កុំឱ្យ​កើតមាន​ការកកស្ទះ​សរសៃឈាម​ផងដែរ។ ដូច្នេះ​ពេល​ក្រោយ នៅពេលដែល​អ្នក​ចម្អិន​អាហារ​ណា​ដែល​យក​ខ្ទឹមបារាំង​ធ្វើជា​បន្លែ​នោះ សូមកុំ​ចោល​សម្បក​របស់​វា​ទៀត ចូរ​ប្រមូល​វា​ទុក​មួយអន្លើ ដើម្បី​ទាញយក​ប្រយោជន៍​ចំពោះ​សុខភាព​របស់​អ្នក។

អត្ថប្រយោជន៍​ដែល​អ្នកនឹង​ទទួលបាន​ពី​សម្បក​ខ្ទឹមបារាំង​រួមមាន​ដូចជា ៖

– កាត់បន្ថយ​កម្រិត​នៃ​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​រាងកាយ
– រក្សា​សម្ពាធ​ឈាម​ឱ្យនៅ​ក្នុង​កម្រិត​ល្អប្រសើរ
– កាត់បន្ថយ​អាការ​ថយចុះ​កម្លាំង
– ប្រយុទ្ធប្រឆាំង និង​ការរង​ប្រតិកម្ម
– ជួយ​ទ្រទ្រង់​ដំណើរការ​នៃ​ការធ្វើ​ចលនា​របស់​សាច់ដុំ
– កាត់បន្ថយ​ការ​រលាក និង​ហើម​ជាដើម។

អ្នក​ប្រហែលជា​ចាប់ផ្តើម​ឆ្ងល់​ហើយ​មែន​ទេ​ថា តើ​អ្នក​អាច​យក​សម្បក​ខ្ទឹមបារាំង​មក​ធ្វើជា​ប្រយោជន៍​ចំពោះ​សុខភាព និង​ស្បែ​កបាន​យ៉ាងដូចម្តេច បើ​អ្នក​មិនអាច​បរិភោគ​វា​បាន​ផង​នោះ?

ខាងក្រោម​នេះ​គឺជា​មធ្យោបាយ​មួយចំនួន​ដែល​អ្នក​អាច​ធ្វើបាន៖

១.វិធី​លឿន​បំផុត និង​ងាយស្រួល​បំផុត​ទីមួយ​គឺ ដាក់​វា​ចូលទៅក្នុង​ម្ហូប​ដែល​អ្នក​ត្រូវ​ចម្អិន​ស្រាប់។ លុះ​ពេលដែល​ម្ហូប​នោះ​ឆ្អិន​គ្រាន់តែ​ស្រង់​វា​ចេញ​ជាការ​ស្រេច។ សារធាតុ​ទាំងឡាយ​ដែលមាននៅក្នុង​សម្បក​ខ្ទឹមបារាំង​នឹង​រលាយ​ចូលទៅក្នុង​ទឹកស​ម្ល​ក្នុងពេល​កំពុង​ចម្អិន។

២.វិធី​មួយ​ផ្សេងទៀត​គឺ យក​វា​មក​ធ្វើជា​តែ​ជំនួស​តែ​ទូទៅ ដោយ​ការ​ដាំទឹក​ឱ្យ​ពុះ រួច​បង់​សម្បក​ខ្ទឹមបារាំង​ចូល​ហើយ​ទទួលទាន​ដូច​ធម្មតា​ជាការ​ស្រេច។

៣.សម្រាប់​អ្នក​ដែលមាន​អាការ​រមួលក្រពើ​ក៏​អាច​សាកល្បង​ព្យាបាល​ដោយ​ការទទួល​ទាន​ទឹក​សម្បក​ខ្ទឹម​នេះ​រាល់​យប់​មុនពេល​ចូល​គេង​បានដែរ ប៉ុន្តែ​អ្នក​ត្រូវ​រំងាស់​វា​រយៈពេល15-20នាទី រួច​ត្រង​វា​យក​កាក​ចេញ​មុន​ទទួលទាន។ ក្រៅពីនេះ សម្បក​ខ្ទឹមបារាំង​ក៏​អាចជួយ​ឱ្យ​សក់​ឆាប់​លូតលាស់​ផងដែរ។ ហេតុផល​គឺ ខ្ទឹមបារាំង​សម្បូរ​ទៅដោយ​ជាតិ​ស្ពាន់ធ័រ ដែល​ជាតិ​រ៉ែ​ប្រភេទ​នេះ​ជួយ​បង្កើត Collagen ជួយ​ឱ្យ​សក់​របស់​អ្នក​លូតលាស់ ភ្លឺរលោង និង​មាន​សុខភាព​ល្អ។ គ្រាន់តែ​យក​សម្បក​ខ្ទឹមបារាំង​ទៅ​ដាំ រួច​យក​ទឹក​ដែល​ដាំ​រួច​នោះ​ធ្វើជា​ទឹក​លាង​សម្អាត​សក់​ជំនួស​ទឹក​ធម្មតា​ជាការ​ស្រេច។

៤.ប្រសិនបើ​ស្បែក​របស់​អ្នកមាន​បញ្ហា​ដូចជា​រមាស់​ជាដើម សម្បក​ខ្ទឹមបារាំង​អាចជួយ​អ្នក​បាន ដោយ​គ្រាន់តែ​យក​វា​មក​ត្រដុស​ពីលើ​ស្បែក​ត្រង់​បរិវេណ​ដែល​រមាស់​នោះ រួច​សម្អាត​ចេញ​ដោយ​សាប៊ូ​ជាការ​ស្រេច។

ចំណាំ៖សម្បក​ខ្ទឹមបារាំង​ដែល​អ្នក​យកមកប្រើ​ត្រូវតែ​ជា​សម្បក​ខ្ទឹមបារាំង​ធម្មជាតិ​គ្មាន​ជាតិគីមី ព្រោះ​បើ​វា​ជា​សម្បក​ខ្ទឹមបារាំង​ដែលមាន​ជាតិគីមី​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​បាន។ ក្រៅពីនោះ​ប្រសិនបើ​អ្នកជា​ស្ត្រី​មាន​ផ្ទៃពោះ ឬ​ស្ត្រី​ដែល​កំពុង​បំបៅកូន សូមកុំ​អនុវត្ត​វិធី​នេះ ព្រោះ​វា​ធ្វើឱ្យ​រមាស់​ស្បែក​របស់​អ្នក​បាន៕

 

មតិយោបល់