ព័ត៌មានជាតិ

៥ចំណុចនេះ ជាកំហុសឆ្គងក្នុងការជ្រើសរើសគូស្នេហ៍ ឬគូជីវិត សម្រាប់យុវវ័យ

 

យុវវ័យ ឬកំលោះក្រមុំ ភាគច្រើនសម័យនេះ ច្រើនតែសម្លឹងរកមើល “ស្នេហា” នៅលើមុខមាត់ រូបរាង និងឋាន:។ ទាំងអស់នេះ បើរស់នៅជាមួយគ្នាបាន វាក៏អូខេ ណូប្រូប្លែម តែ!…បើមានបញ្ហាឈ្លោះទាស់ទែងគ្នាញឹកញាប់ ឬត្រូវលែងលះគ្នាវិញនោះ ច្បាស់ជាលំបាកធំ ហើយ។ មានកំលោះក្រមុំជាច្រើន ដែលច្រើនតែខកចិត្តនឹងស្នេហាក្នុងរូបបែបនេះ ចង់សួរថា តើមិត្តយុវវ័យយើងដឹងទេថា មូលហេតុវាមកពីអ្វី…បើប្អូនៗយុវវ័យចង់ដឹង សូមតាមដានអត្ថបទខាងក្រោមនេះជាមួយគ្នា៖

១.មុខមាត់ រូបរាង? ប៉ុន្មានលើក ប៉ុន្មានដងហើយ ដែលប្អូនៗ(ស្រីៗ) ស្ទើរតែរលាយបេះដូងព្រោះតែបុរសរូបសង្ហា មុខស្អាតៗទាំងនោះ? សួរថា តើហេតុអ្វីបានជាប្អូនៗស្រីៗលង់ស្នេហ៍ពួកគេ ម្តងហើយម្តងទៀត? ហេតុអីបានជាប្អូនៗ ដាក់រឿងរ៉ាវស្នេហារបស់ប្អូនៗ ឱ្យសំខាន់នៅលើមុខមាត់ទៅវិញ?។ ដឹងក្នុងចិត្តច្បាស់ណាស់ថា អ្វីដែលប្អូនៗត្រូវការពីគូស្នេហ៍ វាមានច្រើន ជាងមុខមាត់ស្អាតៗ រូបរាងសង្ហាៗរបស់គេហ្នឹងទៅទៀត។ បើពួកគេ មិនមែនជាតារាល្បីៗទេនោះ រូបរាង មុខមាត់របស់គេ វាមិនបានជួយឱ្យប្អូនៗ មានលុយមានកាក់ចាយ ឬមានសេចក្តីសុខក្នុងជីវិតបានឡើយ។ ដូច្នេះរឿងមុខមាត់ និងរូបរាងនេះ វាមិនមែនជារឿង សំខាន់ ដល់ថ្នាក់អត់មិនបាននោះទេ។

២.រូបរាង កម្ពស់? នារីៗយើង ចូលចិត្តបុរស ដែលមានរូបរាងខ្ពស់ស្រឡះ ព្រោះមានអារម្មណ៍ថា ហាក់បានទទួលការការពារឃុំគ្រងអំពីរូបគេ តែយ៉ាងណាក៏ដោយ កម្ពស់មិនមែនជាចំណុចដែលបញ្ជាក់ថា គេនឹងប្រណិប័តន៍ចំពោះប្អូនៗ ដូចប្អូនៗគិតនោះឡើយ។ ប្អូនៗ ច្រើនតែនឹកសង្ឃឹមថា នឹងទទួលបានអ្វីល្អៗ ពីបុរសរូបរាងខ្ពស់សង្ហា ដែលបុរស រាង កន្តឿៗ មិនអាចមានឱ្យប្អូនបានមែនទេ?។ អ្នកគ្រូសូមប្រាប់ប្អូនៗ តាមរយ:បទពិសោធកន្លងមករបស់អ្នកគ្រូថា រូបរាងខ្ពស់សង្ហារបស់បុរសៗ មិនមែនជាគ្រឿងវាស់ ឬកំណត់បេះដូងរបស់ពួកគេនោះទេ តែ គឺបេះដូងទៅវិញទេ ដែលនឹងបញ្ជាក់ប្រាប់ថា បុរសម្នាក់នេះ ជាមនុស្សល្អប៉ុនណា និងតើគេនឹងប្រតិបត្តិខ្លួនចំពោះប្អូន បានល្អប៉ុនណា។

៣.សក្តានុពល? សូមកុំយល់ច្រឡំ! មនុស្សដែលមានសក្តានុពលនៅក្នុងខ្លួនពេញទំហឹង គឺជារឿងល្អមួយ តែរឿងដែលយើងកំពុងនិយាយនេះគឺ ប្អូនៗមិនគួរជ្រើសរើសយកបុរសណាម្នាក់ ដោយសារតែគេនោះ មានតែសក្តានុពលម្យ៉ាងនោះទេ។ សក្តានុពល វាគ្រាន់តែជាគុណសម្បត្តិមួយរបស់មនុស្សយើងប៉ុណ្ណោះ ហើយក៏មិនបានមានន័យថា ពួកគេទាំងនោះ ជាមនុស្សល្អដែរ។ ប្អូនចាំបាច់ត្រូវតែបែងចែកឱ្យដាច់ថា តើគេនោះមានគុណសម្បត្តិអ្វីផ្សេងទៀតទេ? វាជារឿងមួយសំខាន់ ខ្លាំងណាស់ ដែលប្អូនត្រូវចេះបែងចែកថា តើបុរសម្នាក់នោះ ត្រូវ ឬដូចនឹងអ្វីដែលប្អូនៗចង់បាន ដែរឬទេ? ព្រោះបើប្អូនមិនដឹងពីអ្វី ដែល ប្អូន ចង់បាននោះ ប្អូននឹងមានបញ្ហាធំមិនខាន។

៤.មានអារម្មណ៍កំប្លុកកំប្លែង? ការមានមនុស្ស ដែលមានអារម្មណ៍កំប្លុកកំប្លែង និងសប្បាយរីករាយនៅក្បែរខ្លួន វានឹងធ្វើឱ្យជីវិតរបស់ប្អូន មើលទៅហាក់ដូចងាយស្រួល និងកាន់តែសប្បាយៗឡើង។ ការសើចសប្បាយ គឺជាការបង្វែរខ្លួនឯង ចេញពីភាពកង្វល់ទុក្ខសោក និងបញ្ហាទាំងឡាយបាន តែយ៉ាងណាក៏ដោយ នៅពេលដែលគូស្នេហ៍របស់ប្អូន កំប្លុកកំប្លែងជ្រុលពេក និងអាចដូចជាមិនសូវច្បាស់លាស់ ឬពិតប្រាកដចំពោះរឿងអ្វីទាំងឡាយក្នុងជីវិតនោះ វានឹងក្លាយជាបញ្ហាមួយ ដែលប្អូនៗច្បាស់ជាមិនត្រូវការ យ៉ាងពិតប្រាកដ។ ការបញ្ចេញពីគុណសម្បត្តិក្នុងរឿងនេះខ្លាំងជ្រុលពេក ក៏អាចធ្វើឱ្យ ប្អូនៗនារីៗយើង ឈឺក្បាលវិលមុខ ហើយវាអាចនឹងនាំប្អូន ឆ្ពោះទៅរក ជីវិត ដែលពោពេញដោយបញ្ហាបានដែរ។

៥.ភាពរំភើបញាប់ញ័រ? មិនមែនជារឿង ដែលគួរឱ្យចម្លែកចិត្តឡើយ ដែលប្អូនត្រូវបានទាក់ទាញ ឱ្យ ចូលទៅរកមនុស្ស ដែលមើលទៅគួរឱ្យរំភើបញាប់ញ័រ សប្បាយរីករាយ និងមានជីវិតនៅលើភាពប្រថុយប្រថាន ភាពពុះកញ្ជ្រោល ដែលប្អូនមានអារម្មណ៍ដឹង នៅពេលដែលប្អូនបាននៅជាមួយគេ។ គឺជាអារម្មណ៍មួយដែលពិសេស តែសួរថា តើប្អូនៗអាចរស់នៅក្នុងជីវិត ដែលពោពេញទៅដោយភាពរំភើបញាប់ញ័របែបនោះ បានយូរប៉ុនណាទៅ?។ ការស្វែងរកមនុស្ស ដែលផ្តល់នូវភាពរំភើបញាប់ញ័រដល់ប្អូនរៀងរាល់ថ្ងៃនោះ អាចនឹងនាំប្អូន ឆ្ពោះទៅរកជីវិតមួយ ដែលគ្មានការទទួលខុសត្រូវ៕

 

មតិយោបល់