ព័ត៌មានជាតិ

រឿងដែលមិនគួរធ្វើ នៅពេលត្រូវពស់ចឹកភ្លាមៗ

ការ​ត្រូវ​ពស់ ឬ​សត្វ​មាន​ពិស​ចឹក ឬ​ខាំ មិនមែនជា​រឿង​ដែល​នៅ​ឆ្ងាយ​ខ្លួន​ឡើយ។ ការ​ដើរលេង​នៅក្នុង​ចម្ការ​ក្រោយ​ផ្ទះ ឬ​សូម្បីតែ​ទៅ​ដើរលេង​នៅតាម​ខេត្ត យើង​អាច​នឹងមាន​ឱកាស​ត្រូវ​សត្វ​ពស់​ចឹក​បាន​គ្រប់ពេលវេលា។ ការព្យាបាល​ដំបូង​យ៉ាង​ត្រឹមត្រូវ មុននឹង​អ្នក​ទៅ​ជួប​គ្រូពេទ្យ​គឺជា​រឿង​សំខាន់​ខ្លាំងណាស់​ក្នុង​ការជួយ​ឱ្យ​រូប​អ្នកមាន​សុវត្ថិភាព​ឡើងវិញ រួមទាំង​កាត់បន្ថយ​សភាវ​ជ្រៀតជ្រែកផ្សេងៗបាន​ច្រើន​ទៀតផង។

វិធី​បឋម​ព្យាបាល​ពេល​ត្រូវ​សត្វ​ពស់​ចឹក

. មុន​ទៅ​មន្ទីរពេទ្យ ចូរ​លាង​ត្រង់​មុខរបួស​ដែល​ត្រូវ​សត្វ​ពស់​ចឹក​នោះ​ដោយ​ទឹកស្អាត(ទឹកបរិសុទ្ធ) មិនគួរ​យក​កាំបិត​ចៀរ ឬ​ឆូត យក​ភ្លើង​ញល់ ឬ​យក​ឱសថ​បុរាណផ្សេងៗមក​បិទ​លើ​មុខរបួស​ឡើយ ព្រោះ​ក្រៅពី​នឹង​ធ្វើឱ្យ​ឈឺខ្លួន​ដោយ​មិនចាំបាច់​ហើយ នៅ​បន្ថែម​ឱកាស​ដែល​មុខរបួស​ត្រូវ​ឆ្លង​មេរោគ​ទៀតផង។

– ការ​បឺត​ជញ្ជក់​យក​ពិស​សត្វ​ពស់​ចេញពី​មុខរបួស​ដូច​នៅក្នុង​ភាពយន្ត មិនគួរ​ធ្វើជា​ដាច់ខាត ព្រោះ​ហុច​ផល​អាក្រក់​ដល់​ទាំង​អ្នក​ដែល​ត្រូវ​ពស់​ចឹក និង​អ្នក​បឺត​ពិស​ចេញ ដោយសារ​វា​នឹង​បន្ថែម​ភាព​ប្រថុយប្រថាន​ឱ្យ​មុខរបួស​កាន់តែ​ឆ្លង​មេរោគ​ចូល​ច្រើន ឯ​អ្នក​ដែល​បឺត​ពិស​នោះ​អាច​បានទទួល​ពិស​ចូលទៅក្នុង​រាងកាយ​ម្នាក់ទៀត។

– ឱ្យ​ចំណុច​ដែល​ត្រូវ​ពស់​ចឹក​នោះ​កម្រើក​តិច​បំផុត ដើម្បី​បន្ថយ និង​ពន្យឺតការ​បឺត​ជ្រាប​របស់​ពិស​ចូលទៅក្នុង​ក្រសែ​ឈាម។

– ការយក​ខ្សែ​មក​ចងរឹត​នៅ​ផ្នែក​ខាងលើ​មុខរបួស​មិនគួរ​ធ្វើ​ឡើយ ព្រោះ​នឹងធ្វើ​ឱ្យ​ឈាម​ហូរ​ទៅ​ចិញ្ចឹម​អវយវៈ​នៅ​ផ្នែក​នោះ​មិន​គ្រប់គ្រាន់ បង្កើន​ឱកាស​ក្នុងការ​ធ្វើឱ្យមាន​សាច់​ស្លាប់​នៅត្រង់​នោះ និង​បើសិន​ជាមាន​សាច់​ស្លាប់​ច្រើន អាច​នឹងត្រូវ​កាត់​អវយវៈ​ត្រង់នោះ​ចេញ​តែម្ដង។ ក្រៅពីនេះ​ការ​ចងរឹត​នៅ​ផ្នែក​ខាងលើ​មុខរបួស មិនបាន​ធ្វើឱ្យ​ពិសពស់​ជ្រៀតចូល​ទៅក្នុង​ក្រសែ​ឈាម​បាន​តិច​នោះទេ។

– ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ បើ​យក​សត្វ​ពស់​នោះ​ទៅជា​មួយ​បាន ក៏​នឹង​ជួយ​ឱ្យ​បានដឹង​ពី​ប្រភេទ​របស់​សត្វ​ពស់ និង​ប្រភេទ​របស់​ពិសពស់​នោះ ធ្វើឱ្យ​ការព្យាបាល​របស់​គ្រូពេទ្យ​កាន់តែ​ងាយ​ឡើង តែ​មិនចាំបាច់​ត្រូវ​ខាត​ពេល​ដើរ​វែក​ស្មៅ​ចូល​ទៅរក​វាយ​សម្លាប់សត្វ​ពស់​នោះទេ បើ​ពស់​ចឹក​ហើយ​រត់​បាត់​នោះ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​វិញ​ប្រសើរ​ជាង ព្រោះ​ពេទ្យ​អាច​សង្កេតមើល​អាការ ជួស​ឈាម និង​ផ្ដល់​ការព្យាបាល​បាន។

ពេលទៅដល់​មន្ទីរពេទ្យ នឹងមាន​ដំណាក់កាល​ការព្យាបាល​ដោយ​ការជួស​ឈាម​ពិនិត្យ និង​អាច​ត្រូវ​គេង​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដើម្បី​តាមដាន​មើល​អាការ បើ​មាន​អា​ការខុស​ប្រក្រតី គ្រូពេទ្យ​នឹង​ពិចារណា​ផ្ដល់​សេរ៉ូម​បំបាត់​ពិសពស់​ជា​បន្ត។

វិធី​ដែល​ល្អ សូម​ណែនាំ​ឱ្យ​គ្រប់គ្នា​ប្រយ័ត្នប្រយែង​ក្នុងការ​ដើរចូល​ទៅក្នុង​ទីកន្លែង​ដែល​ស៊ុបទ្រុប គុម្ព​ស្មៅ រួមទាំង​ចង់ឱ្យ​រៀបចំផ្ទះ​សំបែង​ឱ្យមាន​ស្អាតបាត មាន​របៀបរៀបរយ ព្រោះ​ជា​ញឹកញាប់​ណាស់​ដែល​អ្នកគ្រូ ឆវី បាន​ជួប​មនុស្ស​ដែល​ត្រូវ​ពស់​ចឹក​នៅក្នុង​បរិវេណ​ផ្ទះ​របស់​ខ្លួនឯង ទើប​ចង់ឱ្យ​គ្រប់គ្នា​មើលថែទាំ​ផ្ទះសំបែង​ឱ្យមាន​សុវត្ថិភាព​ពី​សត្វ​មាន​ពិសផ្សេងៗដែល​អាចមក​ធ្វើបាប​យើង​បាន៕

 

មតិយោបល់