ភ្នំពេញៈ សេចក្ដីជូនដំណឹងបន្ថែមពីអគ្គិសនីកម្ពុជា បានឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងខណ្ឌសែនសុខ និងពោធិ៍សែនជ័យ អាចមានភ្លើងប្រើប្រាស់ឡើងវិញនៅម៉ោង៥៖៣០នាទីល្ងាចនេះ។
មុននេះបន្តិច អគ្គិសនីកម្ពុជា បានឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F4) ពេលនេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបានធ្លាក់គងលើ Cross Arm ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង៥៖៣០នាទីល្ងាច។
គួរជម្រាបថា នៅវេលាម៉ោង២៖២៥នាទី រសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F4) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ (២)ភូមិត្រពាំងមាន ភូមិត្រពាំងជើងស្រុក ភូមិជាងទង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ និងភូមិម្លូផ្អែម សង្កាត់គោករកា ខណ្ឌសែនសុខ (២) ភូមិសាក់ប្រយុទ្ធ ភូមិស្រែជះ សង្កាត់ស្នោរ និងភូមិអណ្តូងតាអន ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បានបញ្ជក់ថា មូលហេតុបណ្តាលមកពីខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ធ្លាក់គងលើ Cross Arm ហើយបច្ចុប្បន្នក្រុមការងារបច្ចេសទេសកំពុងពិនិត្យ និងជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕
មតិយោបល់