ព័ត៌មានជាតិ

អាជ្ញាធរជប៉ុនមិនមានការព្រួយបារម្ភទាក់ទងទៅនឹងព្រឹត្តិការណ៍កីឡាអូឡាំពិក បើទោះបីជាមានកំណត់ត្រាខ្ពស់នូវករណីឆ្លងជំងឺកូវីដ-១៩

នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អាជ្ញាធរជប៉ុនមិនមានការព្រួយបារម្ភណាមួយទាក់ទងទៅនឹងព្រឹត្តិការណ៍កីឡាអូឡាំពិកដែលត្រូវបានធ្វើឡើងនៅទីក្រុងតូក្យូនោះទេ បើទោះបីជាមានកំណត់ត្រានូវករណីឆ្លងថ្មីប្រចាំថ្ងៃខ្ពស់សម្រាប់ជំងឺកូវីដ-១៩ នៅក្នុងរាជធានីនៃប្រទេសនេះកាលពីថ្ងៃអង្គារក៏ដោយ។

លោកបានចង្អុលបង្ហាញថា «ឥឡូវនេះ មានមនុស្សតិចណាស់ដែលចេញដើរនៅក្នុងទីក្រុងនេះ ដោយសារតែវិធានការជាក់លាក់ ដែលរួមទាំងការផ្លាស់ប្តូរការធ្វើការងារទៅធ្វើការងារតាមទូរគមនាគមន៍វិញ។ ដូច្នេះ គ្មានការព្រួយបារម្ភណាមួយទេ»។ លោកនាយករដ្ឋមន្រ្តីរូបនេះក៏បាននិយាយផងដែរថា «មានតែ ២ភាគរយនៃអ្នកជំងឺដែលមានជំងឺឆ្លងកូវីដ-១៩ ប៉ុណ្នោះ ដែលត្រូវបានកំណត់អត្តសញ្ញាណនៅទីក្រុងតូក្យូកាលពីថ្ងៃអង្គារ គឺក្រុមមនុស្សវ័យចំណាស់ដែលមានអាយុលើសពី ៦៥ឆ្នាំ»។

យោងតាមអាជ្ញាធរទីក្រុងតូក្យូបានឱ្យដឹងថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២ ៨៤៨នាក់ត្រូវបានគេរាយការណ៍នៅក្នុងរាជធានីរបស់ប្រទេសជប៉ុនមួយនេះក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដែលជាចំនួនខ្ពស់ប្រចាំថ្ងៃថ្មីមួយ។ កំណត់ត្រាមុនត្រូវបានកំណត់នៅក្នុងរាជធានីប្រទេសជប៉ុនកាលពីថ្ងៃទី៧ ខែមករា នៅពេលដែលអ្នកជំងឺថ្មីចំនួន ២ ៥២០នាក់ត្រូវបានរកឃើញ។ ទន្ទឹមនឹងនេះដែរ មានតែករណីថ្មីចំនួន ១ ៣៨៧នាក់ប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍កាលពីមួយសប្តាហ៍មុន។ បច្ចុប្បន្ននេះ មានករណីជំងឺធ្ងន់ធ្ងរចំនួន ៨២នាក់នៅក្នុងទីក្រុងតូក្យូ។ អ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរចំនួន ៨០នាក់ត្រូវបានបញ្ជូនទៅព្យាបាលជាលើកចុងក្រោយនៅមន្ទីរពេទ្យនៅក្នុងទីក្រុងនេះកាលពីថ្ងៃទី១៨ ខែឧសភា។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ប្រទេសជប៉ុន លោក Norihisa Tamura បាននិយាយថា ការឆ្លងរាលដាលនៃវីរុសទម្រង់ឌែលតា គឺជាហេតុផលដែលស្ថិតនៅពីក្រោយស្ថានភាពកាន់តែយ៉ាប់យ៉ឺននេះ។

ការប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្នជុំវិញបញ្ហាការឆ្លងជំងឺកូវីដ-១៩ ត្រូវបានប្រកាសនៅទីក្រុងតូក្យូកាលពីថ្ងៃទី១២ ខែកក្កដា ដែលរួមមានការហាមឃាត់ជាពិសេសទៅលើការសេពគ្រឿងស្រវឹងនៅកន្លែងបរិភោគអាហារ និងកំណត់ចំនួនអ្នកទស្សនានៅក្នុងព្រឹត្តិការណ៍ធំៗ។ នេះជាមូលហេតុដែលព្រឹត្តិការណ៍កីឡាអូឡាំពិកត្រូវបានធ្វើឡើងដោយគ្មានអ្នកគាំទ្រចូលទស្សនា៕

មតិយោបល់