(Reuters) - កាលពីថ្ងៃអង្គារ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកពិតជាមានសង្គ្រាមបាញ់ប្រហារជាមួយ“ មហាអំណាច”ណាមួយនោះ វាអាចជាលទ្ធផលនៃការវាយប្រហារដ៏សំខាន់តាមប្រព័ន្ធបច្ចេកវិទ្យាមកលើប្រទេសនេះ ដោយបង្ហាញពីអ្វីដែលទីក្រុងវ៉ាស៊ីនតោនមើលឃើញថា ជាការគំរាមកំហែងដែលកំពុងកើនឡើងដោយប្រទេសរុស្ស៊ី និងប្រទេសចិន ។
សុវត្ថិភាពរបស់ប្រព័ន្ធបច្ចេកវិទ្យាបានកើនឡើងដល់ចំណុចកំពូលនៃរបៀបវារៈសម្រាប់រដ្ឋបាល របស់ប្រធានាធិបតីលោក Biden បន្ទាប់ពីមានការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើក្រុមហ៊ុនមួយចំនួនដូចជាក្រុមហ៊ុនគ្រប់គ្រងបណ្តាញ SolarWinds ក្រុមហ៊ុន Colonial Pipeline ក្រុមហ៊ុនកែច្នៃសាច់ JBS និងក្រុមហ៊ុន software Kaseya ដែលបណ្តាលឲ្យសហរដ្ឋអាមេរិកខូចខាតយ៉ាងដំណំ។ ដោយសារតែការវាយប្រហារមួយចំនួនបានប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងស្បៀងអាហារនៅផ្នែកខ្លះនៃសហរដ្ឋអាមេរិក។
ប្រធានាធិបតីលោក Biden បាននិយាយថា “ខ្ញុំគិតថា វាទំនងនឹងត្រូវបញ្ចប់ ប៉ុន្តែប្រសិនបើយើងឈានទៅដល់ការធ្វើសង្គ្រាមបាញ់ប្រហារជាមួយនឹងមហាអំណាចណាមួយវានឹងជាផលវិបាកនៃការបំពានលើប្រព័ន្ធបច្ចេកវិទ្យា ហើយវាកំពុងកើនឡើងយ៉ាងខ្លាំង” នៅក្នុងសុន្ទរកថាដែលរយៈពេលកន្លះម៉ោងខណៈដែលលោកកំពុងធ្វើទស្សនកិច្ចនៅការិយាល័យនាយកនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ (ODNI) ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលមួយនៅថ្ងៃទី ១៦ ខែមិថុនានៅទីក្រុងហ្សឺណែវជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រធានាធិបតីលោក Biden បានចែករំលែកបញ្ជីហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលសហរដ្ឋអាមេរិកចាត់ទុកថាជាដែនកំណត់សម្រាប់តួអង្គរដ្ឋ ៕
មតិយោបល់