លោក ចូ បៃដិន សម្តែងសមានចិត្តគាំទ្របាតុករគុយបា និងមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ថា «យើងបានឮសម្រែករបស់អ្នក គឺសម្រែកទាមទារសេរីភាព។» រដ្ឋបាលរបស់លោក បានដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំគុយបា ។
១០ថ្ងៃក្រោយការផ្ទុះបាតុកម្ម គឺថ្ងៃទី២២ រតនាគារជាតិអាមេរិក បានដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ សំដៅបុគ្គល គឺដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុទៅលើរដ្ឋមន្ត្រីការពារជាតិ ហើយនិង បុគ្គលថ្នាក់ដឹកនាំជាច្រើននាក់ផ្សេងទៀត នៅក្រសួងមហាផ្ទៃគុយបា។ នៅក្រសួងមហាផ្ទៃ ប្រហែលជាមិនសូវមានឈ្មោះថ្មី សម្រាប់ក្នុងបញ្ជីខ្មៅទៀតទេ ព្រោះថា កន្លងមក មន្ត្រីមហាផ្ទៃគុយបា ជាច្រើននាក់ គឺឋិតក្នុងបញ្ជីខ្មៅអាមេរិកស្រេចស្រាប់ទៅហើយ តាំងតែពីច្រើនទសវត្សរ៍មក។
ចំណាត់ការ ដែលដាក់ចេញបន្ថែមនៅថ្ងៃសុក្រ គឺទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ចំពោះថ្នាក់ដឹកនាំ ខាងប៉ូលិស យោធា និងមន្ត្រី ក្រសួងមហាផ្ទៃ ។ និយាយឲ្យចំ សម្រាប់ពេលនេះ គឺរដ្ឋបាលអាមេរិកនឹងពិនិត្យឲ្យលម្អិតទៅលើចរន្តផ្ទេរប្រាក់ ពីបរទេសចូលទៅកាន់ប្រទេសគុយបា ពិសេស ពីអាមេរិកទៅគុយបា ហើយនិងពីក្រុមហ៊ុនដែលពាក់ព័ន្ធនឹងអាមេរិក។ ជាទូទៅ គេសង្កេតឃើញថា ប្រាក់ដែលហូរចូលគុយបា គឺមួយផ្នែកធំ ត្រូវផ្ទេរចូលហោបៅរបស់ពួកក្រុមយោធាគុយបា និងអ្នកមានអំណាចនៅគុយបា។ គេត្រូវរកផ្លូវធានាថា ប្រាក់ដែលផ្ទេរពីបងប្អូនគ្រួសារនៅក្រៅប្រទេស ទៅឲ្យសាច់ញាតិគេនៅក្នុងស្រុក បានទៅដល់គោលដៅដោយសុវត្ថិភាព។
លើសពីនេះ សហរដ្ឋអាមេរិក ក៏កំពុងតែពិចារណាដែរ ថាតើត្រូវរឹតត្បិតការប្រើប្រាស់ប្រព័ន្ធអ៊ិនធឺនែត នៅកោះគុយបា ឬក៏យ៉ាងណា។ ការប្រើប្រាស់ប្រព័ន្ធអ៊ីនធ័រនែត គឺជាតម្រូវការដ៏ចាំបាច់មួយសម្រាប់ជីវិតប្រចាំថ្ងៃ ទាំងក្នុងវិស័យសាធារណៈនិងវិស័យឯកជន។ ប្រសិនបើ អាមេរិកបិទអ៊ីនធ័រនែតនៅគុយបា មែន គឺច្បាស់ជាសម្ពាធមួយដ៏ធំ ធ្វើឲ្យថ្នាក់ដឹកនាំគុយបា រអាចិត្តខ្លះដែរ។
ទាំងលោកចូបៃដិន និងទាំងរដ្ឋបាលរបស់គាត់ក្តី សុទ្ធតែអះអាងថា ទណ្ឌកម្មផ្សេងៗ គឺនឹងបន្តមានជាយូរហែទៅទៀត ដែលសំដៅឲ្យមានការផ្លាសប្តូរអ្វីមួយ នៅគុយបា។
មតិយោបល់