ព័ត៌មានជាតិ

គ្រោះទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀងនៅខេត្តហឺណាន ប្រទេសចិន បានសម្លាប់មនុស្ស ៣០២នាក់ និង ៥០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន

រដ្ឋាភិបាលខេត្តហឺណានបាននិយាយកាលពីថ្ងៃចន្ទថា គ្រោះទឹកជំនន់ដែលបង្កឡើងដោយជំនន់ទឹកភ្លៀងនៅខេត្តហឺណានភាគកណ្តាលប្រទេសចិនបានសម្លាប់មនុស្ស ៣០២នាក់ និង ៥០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

លោក វ៉ាង កៃ (Wang Kai) អភិបាលខេត្តហឺណានបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «កាលពីវេលាម៉ោង ១២:០០ (ម៉ោង ៤:០០ព្រឹក GMT) នៅថ្ងៃទី២ ខែសីហា គ្រោះទឹកជំនន់ដែលបណ្តាលមកពីព្យុះភ្លៀងបានសម្លាប់មនុស្សចំនួន ៣០២នាក់នៅក្នុងខេត្តហឺណាន ខណៈដែលមនុស្សចំនួន ៥០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន»។

លោក វ៉ាង បាននិយាយថា ទីក្រុងដែលរងគ្រោះខ្លាំងជាងគេ គឺរដ្ឋធានី Zhengzhou ដែលមានមនុស្សចំនួន ២៩២នាក់បានស្លាប់ និង ៤៧នាក់ផ្សេងទៀតបានបាត់ខ្លួន។

អាជ្ញាធរក្នុងតំបន់បាននិយាយថា នៅពេលដែលទឹកជំនន់ធ្ងន់ធ្ងរដែលបង្កឡើងដោយជំនន់ទឹកភ្លៀងវាយប្រហារទីក្រុង Zhengzhou កាលពីពាក់កណ្តាលខែកក្កដា បណ្តាញសង្គមចិនពោរពេញទៅដោយរូបភាព និងវីដេអូជាច្រើនដែលបង្ហាញអំពីរថយន្តជាច្រើនអណ្តែតនៅតាមដងផ្លូវដែលជន់លិច និងប្រព័ន្ធផ្លូវក្រោមដីរបស់ទីក្រុងនេះដែលត្រូវបានលិចនៅក្រោមទឹក។ អ្នកដំណើរដែលជាប់នៅក្នុងរទេះភ្លើងក្រោមដីដែលលិចទឹកបានផ្ញើការអង្វរសុំជំនួយតាមរយៈវីដេអូ។ អ្នកដំណើរចំនួន ១៤នាក់បានស្លាប់។

ទីក្រុងជិតខាងមួយចំនួននៅជុំវិញទីក្រុង Zhengzhou ក៏ធ្លាប់ជួបព្យុះភ្លៀងស្រដៀងគ្នានេះដែរបន្ទាប់ពីទីរដ្ឋធានីរបស់ខេត្តនេះត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់៕

មតិយោបល់