ព័ត៌មានជាតិ

កុមារនិងយុវវ័យនៅភ្នំពេញ បានទទួលការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រមាណជា ១២ម៉ឺននាក់ហើយ

កុមារនិងយុវវ័យដែលមានអាយុពី១២ឆ្នាំដល់ ១៧ឆ្នាំ គិតមកដល់ល្ងាចថ្ងៃទី០៨ខែសីហាឆ្នាំ២០២១នេះ បានទទួលការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រមាណជា១២ម៉ឺននាក់ហើយ ក្នុងចំណោមកុមារនិងយុវវ័យរស់នៅរាជធានីភ្នំពេញដែលត្រូវចាក់វ៉ាក់សាំងចំនួន២១ម៉ឺននាក់។

តួលេខនេះបានបង្ហាញឱ្យដឹង ខណៈដែលឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរឯកឧត្តមម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យមើលសកម្មភាពនៃការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យ នៅមណ្ឌលសុខភាពទឹកថ្លា ខណ្ឌសែន សុខនារសៀលថ្ងៃអាទិត្យទី០៨ខែសីហានេះ។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញណែនាំឱ្យលោកចៅសង្កាត់ទឹកថ្លានិងលោកអភិបាលនៃគណៈអភិបាលខណ្ឌសែន សុខ ក៏ដូចខណ្ឌដទៃទៀតដែរ ត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ ពិសេស កុមារនិងយុវវ័យអាយុ១២ឆ្នាំទៅដល់១៧ ឆ្នាំ និងឪពុកម្ដាយឱ្យពួកគាត់បានជ្រាបអំពីអ្វីដែលសម្ដេចតេជោហ៊ុន សែន បានខិតខំប្រឹងប្រែងចំពោះប្រជាជនកម្ពុជា ។ ឯកឧត្តមបញ្ជាក់ទៀតថា កន្លងមកសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានខិតខំខ្នះខ្នែង និងរកគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ,ខណៈដែលមានមនុស្សខិលខូចដើរសុំឱ្យគេផ្ដាច់ជំនួយដល់កម្ពុជាទៅវិញ។

បន្ថែមពីលើនេះ សម្ដេចនៅបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនកុមារនិងយុវវ័យអាយុ ១២ឆ្នាំដល់ ១៧ឆ្នាំថែមទៀត ខណៈដែល ប្រទេសមួយចំនួនមិនទាន់នឹងបានចាក់វ៉ាក់សាំង ការពារ covid-19 សម្រាប់មនុស្សចាស់នៅឡើយផងទេ។ ។ សម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ មិនត្រឹមតែចាក់វ៉ាក់សាំងជូនមនុស្សចាប់ពីអាយុ១៨ឆ្នាំឡើងប៉ុណ្ណោះទេ គឺនៅបានចាក់ដល់កុមារនិងយុវវ័យ អាយុពី១២ឆ្នាំទៅ១៧ឆ្នាំថែមទៀត ។

ឯកឧត្តម ឃួងស្រេង បានបញ្ជាក់ទៀតថា នៅតំបន់អាស៊ានទាំង១១ប្រទេស មានតែប្រទេសកម្ពុជាមួយទេ ដែលបានទទួលការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុពី១២ឆ្នាំទៅ ១៧ឆ្នាំនេះ។ ដូច្នេះអាជ្ញាធរសង្កាត់និងខណ្ឌត្រូវប្រាប់ប្រជាពលរដ្ឋ កុមារនិង យុវវ័យទាំងអស់ឲ្យបានយល់ពីអ្វីដែលជាការខិតខំប្រឹងប្រែងរបស់សម្តេចតេជោដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនេះ។

ចំណែកលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី០៨សីហានេះដែរថា សម្រាប់រាជធានីភ្នំពេញកុមារនិងយុវវ័យអាយុពី១២ឆ្នាំដល់១៧ឆ្នាំ ដែលត្រូវទទួលការចាក់វ៉ាក់សាំង មានចំនួនប្រមាណជា ២១ម៉ឺននាក់ ហើយក្នុងចំនួននេះ បើគិតពីថ្ងៃទី០១ សីហា រហូតមកដល់រសៀលថ្ងៃទី០៨ ខែសីហានេះ មានកុមារនិងយុវវ័យប្រមាណជា ១២ម៉ឺននាក់ហើយ ដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ៕

 

មតិយោបល់