ព័ត៌មានជាតិ

លំហូររត់ពន្ធអាវុធឆ្លងកាត់ព្រំដែនអាមេរិក ធ្វើឱ្យម៉ិកស៊ិក មានការព្រួយបារម្ភ

(Reuters)លំហូរអាវុធដែលមានសមត្ថភាពខ្ពស់រត់ពន្ធឆ្លងកាត់ព្រំដែនអាមេរិកតាមច្រកតូចៗធ្វើឱ្យមន្រ្តីម៉ិកស៊ិកមានការព្រួយបារម្ភហើយអាវុធមួយចំនួនមានកម្លាំងខ្លាំងដូចកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ M82 ផលិតនៅអាមេរិកដែលត្រូវបានគាំទ្រដោយក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពល។

កាំភ្លើងម៉ាក៨២ អាចទម្លុះអាវការពារគ្រាប់កាំភ្លើង ជញ្ជាំងបេតុង និងសូម្បីតែរថក្រោះបានយ៉ាងងាយស្រួល។ វាក៏ជាអាវុធមួយក្នុងចំណោមជម្រើសនៃក្រុមជួញដូរគ្រឿងញៀនផងដែរនេះបើយោងតាមរដ្ឋាភិបាលម៉ិកស៊ិកដែលនៅសប្តាហ៍នេះបានដាក់ពាក្យបណ្តឹងនៅតុលាការស្រុកអាមេរិកក្នុងរដ្ឋម៉ាសាឈូសេតប្រឆាំងនឹងក្រុមហ៊ុនផលិតកាំភ្លើង១០ផ្សេងទៀត។

អាវុធដូចជាប្រភេទM82 គឺជាផ្នែកមួយនៃលំហូរ នៃអាវុធខុសច្បាប់យ៉ាងគំហុកចូលទៅភាគខាងត្បូងហើយប្រទេសម៉ិកស៊ិកបានចោទថាមួយផ្នែកដោយសារតែការអនុវត្តអាជីវកម្មធ្វេសប្រហែសរបស់អ្នកផលិតដែលបានលើកទឹកចិត្តដល់ការជួញដូរអាវុធខុសច្បាប់។ ពុំមានក្រុមហ៊ុនផលិតអាវុធណាមួយរួមទាំងក្រុមហ៊ុន Barrett បានឆ្លើយតបទៅនឹងសំណើសុំអត្ថាធិប្បាយរបស់រ៉យទ័រទេ។

អាវុធប្រភេទM82 ត្រូវបានផលិតដំបូងនៅទសវត្សឆ្នាំ១៩៨០ ហើយមានការពេញនិយមក្នុងកំឡុងសង្គ្រាមឈូងសមុទ្រលើកដំបូងនៅពេលវាត្រូវបានអនុម័តឱ្យប្រើប្រាស់ដោយយោធាអាមេរិក។ ឥឡូវនេះវាត្រូវបានប្រើប្រាស់ដោយភ្នាក់ងារសន្តិសុខជាង៧០ នៅទូទាំងពិភពលោកនេះបើយោងតាមព័ត៌មានរបស់ក្រុមហ៊ុនBarrett ។

បើយោងតាមលោក Romain Le Cour Grandmaison នាយកកម្មវិធីនៃក្រុមអ្នកស្រាវជ្រាវ Noria នៅការិយាល័យម៉ិកស៊ិកនិងអាមេរិកកណ្តាលបាននិយាយថានៅម៉ិកស៊ិកូ អាវុធបានធ្វើឱ្យមានអតុល្យភាពឥទ្ធិពលរវាងក្រុមឧក្រិដ្ឋជននិងកម្លាំងនគរបាលដែលមានបំពាក់គ្រឿងបរិក្ខារតិចតួច។

លោក Grandmaison បានមានប្រសាសន៍ថា“ ប្រសិនបើអ្នកមានអាវុធរបស់ក្រុមហ៊ុន Barrett វាមានន័យថាកងកម្លាំងពិសេសណាមួយដូចជានគរបាលក្នុងតំបន់និងនគរបាលក្រុងមិនអាចទប់ទល់អ្នកបានទេ” ។ នោះហើយដែលទុកឱ្យយោធាជាអង្គភាពតែមួយគត់ដែលអាចប្រយុទ្ធតទល់ជាមួយក្រុមជួញដូរគ្រឿងញៀន។

កាំភ្លើងប្រភេទM82 ដែលបំពាក់ដោយកែវយឹតដើម្បីប្រើជាអាវុធរបស់អ្នកលបបាញ់ វាអាចបាញ់បាន ៧០គ្រាប់ក្នុងមួយនាទីដែលមានរយៈចម្ងាយអតិបរមា២៥០០ម៉ែត្រ។

នៅចន្លោះឆ្នាំ២០០៩ និង២០២០ អាជ្ញាធរបានរឹបអូសយកកាំភ្លើងប្រភេទ M82 ចំនួន ៣៥៨ ដើមនេះបើយោងតាមតួលេខផ្លូវការដែលដកស្រង់ដោយកាសែត Milenio ។ នៅឆ្នាំ ២០១៩ អាជ្ញាធរបានរឹងអូសអាវុធប្រភេទនេះបានចំនួន ៦៨ ដើម ៕

 

មតិយោបល់