ព័ត៌មានជាតិ

ឃាតករដែលបានចាក់សម្លាប់នារីក្រមុំម្នាក់ រួចចាក់ខ្លួនឯងតាមក្រោយ ត្រូវតុលាការឃុំខ្លួន

កំពង់ស្ពឺៈ បុរសជាឃាតក ដែលយកកាំបិតចុងស្រួចចាក់សម្លាប់នារីក្រមុំម្នាក់ ដែលខ្លួនតាម​ស្រ​ឡាញ់មិនបាន ហើយប៉ុនប៉ងចាក់សម្លាប់ខ្លួនតាមក្រោយនោះ ត្រូវកម្លាំង សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ​កម្រិតធ្ងន់នៃស្នងការដ្ឋាន ខេត្តកំពង់ស្ពឺ បញ្ជូនចេញពីមន្ទីរពេទ្យទៅពន្ធនាគារដើម្បីឃុំខ្លួន ជាបណ្ដោះអាសន្នតាម​តំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ ដោយចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន។

មន្ត្រីនគរបាលព្រហ្មទណ្ឌបានប្រាប់នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦នេះថា ជនសង្ស័យដែលបានចាក់សម្លាប់​នារីក្រមុំ កាត់សម្លៀកបំពាក់នៅផ្សារឧដុង្គ ត្រូវតុលាការបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នហើយ តាមដីកាលេខ ៥៧៨ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ដោយលោក ខ្លួត ពេជ្រ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត ដែលត្រូវ​ផ្ដន្ទាទោសតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ចំណុចក្នុងផ្សារឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់​ស្ពឺ មានជនសង្ស័យម្នាក់ឈ្មោះ ស៊ុ ម៉ូច ភេទប្រុស អាយុ៣២ឆ្នាំ ជាជាងតោន និងបាញ់ថ្នាំរថយន្ត មានទីលំនៅ​ភូមិតាជៀល ឃុំព្រះស្រែ ឃុំវាំងចាស់ ស្រុកឧដុង្គ បានប្រើកាំបិតចុងស្រួចចាក់ទៅលើនារីរងគ្រោះឈ្មោះ ណែម ចន្ធូ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកាត់សម្លៀកបំពាក់ ក្នុងផ្សារឧដុង្គ មានទីលំនៅភូមិឃ្លាំង៥ ឃុំវាំងចាស់ ស្រុក​ឧដុង្គ ចំនួន៥កាំបិតត្រង់ពោះ និងចុងដង្ហើមបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ក្រោយពីធ្វើ​សកម្ម​ភាព​ចាក់ជនរងគ្រោះ ជនដៃដល់បានចាក់ខ្លួនឯងចំនួន៣កាំបិតប៉ុនប៉ងសម្លាប់ខ្លួនដែរ ប៉ុន្តែអត់បានសម្រេច គ្រាន់​តែរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ លុះដល់ថ្ងៃទី២ ខែកញ្ញា របួសមាន​ការធូរស្បើយ ក៏បញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺមួយយប់ ទើបព្រឹកថ្ងៃទី ០៣កញ្ញា បញ្ជូនបន្តឲ្យ​ទៅសម្រាក​ក្នុង​ពន្ធនាគារខេត្តតែម្តង។

ជនសង្ស័យបានសារភាពថា មូលហេតុ ខ្លួនចាក់លើនារីក្រមុំដែលខ្លួនស្រឡាញ់បណ្តាលឲ្យស្លាប់នោះ ព្រោះតែនាង​មិនព្រមទទួលយការស្រឡាញ់ពីខ្លួន ទើបមានការតូចចិត្ត ក៏មានគំនិតសម្លាប់នាង រួចសម្លាប់ខ្លួនតាមក្រោយ។ ប៉ុន្តែ​គម្រោងរបស់ខ្លួនត្រូវបរាជ័យ ស្លាប់តែនារីដែលខ្លួនស្រឡាញ់ ចំណែករូបគេវិញអត់ស្លាប់ គ្រាន់តែរបួសធ្ងន់ ហើយ​ជួយសង្គ្រោះក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។

ជនសង្ស័យបានបញ្ជាក់យ៉ាងខ្លីថា បើរូបគេស្រឡាញ់នាង មិនបានទេនោះ អ្នកណាក៏មិនអាចស្រឡាញ់​នាងបាន​ដែរ ។ ដូច្នេះមានតែស្លាប់ទាំង២នាក់ ដើម្បីបញ្ចប់បញ្ហា នៃសេចក្តីស្រឡាញ់ដ៏ធំធេងនេះ ប៉ុន្តែលទ្ធផល ភាគី​ខាង​ស្រីបានស្លាប់ ហើយខ្លួនបែរជានៅរស់ក្នុងគុកទាំងភាពឈឺចាប់ផ្លូវចិត្ត និងរបួស គ្មានបងប្អូនសាច់ញាតិ​ណាម្នាក់មក​មើលឡើយ៕

ឃាតករឃាតករឃាតករឃាតករ

មតិយោបល់