CAMSOC-ភ្នំពេញ៖ កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹងចូលរួមកម្មវិធីដ៏ធំ នៃការប្រកួតកីឡាជឺជិតស៊ូ ដណ្ដើមខ្សែក្រវាត់ WNO Strawweight Champion អមជាមួយប្រាក់រង្វាន់ ៣ម៉ឺនដុល្លារ នាថ្ងៃទី២៥-២៦ ខែកញ្ញាខាងមុខ នៅលើសង្វៀន “Who’s Number One ឬនរណាលេខ១” នៅសហរដ្ឋអាមេរិក។
នេះគឺជាការប្រកួតដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោក ដ្បិតគណៈកម្មការរៀបចំការប្រកួត បានសម្រិតសម្រាំងសុទ្ធតែជាកីឡាការិនីជើងខ្លាំងលំបាប់ពិភពលោកចូលរួមចំនួន ៨នាក់ លើវិញ្ញាសាទម្ងន់ ១១៥ផោន (ជាង ៥២គីឡូក្រាម) ក្នុងនោះក៏មានវត្តមានកីឡាការិនីកូនកាត់ ៣សាសន៍កម្ពុជា-ម៉ិកស៊ិក-អាមេរិក ខាន់ ចេសា ផងដែរ។
ចំពោះបេក្ខភាពប្រជែងខ្សែក្រវាត់ WNO Strawweight Champion ខាងលើ រួមមាន៖
១-កីឡការិនីប្រេស៊ីល Mayssa Bastos ដែលជាកីឡាការិនីលេខ១ ពិភពលោកប្រភេទទម្ងន់ Strawweight។ ជើងខ្លាំងរូបនេះ ធ្លាប់យកឈ្នះ ខាន់ ចេសា ២ដងរួចមកហើយ កាលពីដើមខែមេសា និងពាក់កណ្ដាលខែឧសភាកន្លងទៅ (នេះបើយោងតាមរបាយការណ៍ WNO)។
២- កីឡាការិនីចិន Grace Gundrum ដែលឈរលេខរៀងទី២ កម្រិតពិភពលោក បន្ទាប់ពី Mayssa Bastos។ នាងក៏ធ្លាប់ត្រូវបានផ្គូរផ្គងឲ្យជួប ខាន់ ចេសា លើសង្វៀន WNO ដែរ កាលពីចុងខែមេសា តែត្រូវបានខកខានទៅវិញ បន្ទាប់ពី ចេសា ដកខ្លួន ព្រោះបញ្ហារបួស។
៣- ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ និងមេដាយមាសស៊ីហ្គេម ឆ្នាំ២០១៩ ខាន់ ចេសា ដែលឈរចំណាត់ថ្នាក់លេខ៣ ពិភពលោកប្រភេទទម្ងន់ Strawweight។
៤- កីឡាការិនីអាមេរិក Daniele Kelly ដែលមានចំណាត់ថ្នាក់លេខ៦ លើលោកប្រភេទទម្ងន់ Strawweight ប៉ុន្ដែនាងធ្លាប់ចាញ់ ខាន់ ចេសា ម្ដងរួចមកហើយ កាលពីចុងខែកុម្ភៈកន្លងទៅ។
៥- កីឡាការិនីអាមេរិក Amanda “Tubby” Alequin ឈរចំណាត់ថ្នាក់លេខ៣ លើលោកប្រភេទទម្ងន់ Flyweigh។
៦-កីឡាការិនីអាមេរិក Jessica Crane ឈរចំណាត់ថ្នាក់លេខ៧ លើលោក ប្រភេទទម្ងន់ Strawweight។
៧-កីឡាការិនីអាមេរិក Alex Nguye ឈរចំណាត់ថ្នាក់លេខ៩ លើលោក ប្រភេទទម្ងន់ Strawweight និងទី៨ គឺកីឡាការិនី Tammi Musumeci របស់សហរដ្ឋអាមេរិកដូចគ្នា។
តាមការបញ្ជាក់របស់គណៈកម្មការរៀបចំការប្រកួត នេះគឺជាការប្រកួតប្រភេទទម្ងន់ស្រាលដ៏ធំប្រចាំឆ្នាំ ដែលពោរពេញដោយការចាប់អារម្មណ៍ ព្រោះបេក្ខភាពចូលរួម សុទ្ធតែជាកីឡាការិនីជើងខ្លាំង ដែលពួកគេនឹងត្រូវធ្វើការប្រកួតប្រជែងរយៈពេល ២ថ្ងៃ ដើម្បីស្វែងរកជើងខ្លាំងកីឡាការិនីជឺជិតស៊ូប្រភេទទម្ងន់ ១១៥ផោន នឹងបេក្ខភាពម្ចាស់ខ្សែក្រវាត់ WNO Strawweight Champion អមនូវប្រាក់រង្វាន់ ៣ម៉ឺនដុល្លារ៕
មតិយោបល់