ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា អ្នកការទូតជាន់ខ្ពស់របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ បន្ទាប់ពីប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្តីបន្ទោសទៅលើសម្ព័ន្ធមិត្តចំពោះការបន្តធ្វើសមយុទ្ធយោធារួមគ្នារបស់ពួកគេ។
ក្រសួងនេះបាននិយាយថា នៅក្នុងកិច្ចពិភាក្សានោះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសទី ១ របស់កូរ៉េខាងត្បូង លោក Choi Jong-kun និងអនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman បានឯកភាពគ្នាបន្តការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរពេញលេញ និងសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។
កាលពីព្រឹកថ្ងៃអង្គារ លោកស្រី គីម យ៉ូជុង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍មួយដោយហៅការធ្វើសមយុទ្ធរួមគ្នានេះថា ជាការបង្ហាញយ៉ាងច្បាស់បំផុតនៃគោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិកចំពោះកូរ៉េខាងជើង។
ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមវគ្គបណ្តុះបណ្តាលបឋមមួយនៅមុនការធ្វើសមយុទ្ធសំខាន់មួយនៅសប្តាហ៍ក្រោយនេះ បើទោះបីជាលោកស្រី គីម បានព្រមានជាមុនថា សមយុទ្ធនេះនឹងធ្វើឱ្យមានមានភាពតានតឹងទៅលើទំនាក់ទំនងអន្តរកូរ៉េក៏ដោយ៕
មតិយោបល់