ព័ត៌មានជាតិ

​សហរដ្ឋអាមេរិកគាំទ្រ​ ​ស៊ូដង់ ដែលថានឹងប្រគល់ខ្លួនអតីតប្រធានាធិបតី​ ទៅឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ

ស៊ូដង់ ប្រកាសថានឹងប្រគល់ខ្លួន អតីតប្រធានាធិបតី​ លោកអូម៉ារ អាល់បាស្ហៀរ ទៅឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅក្នុងសំណុំរឿង​ប្រល័យពូជសាសន៍ នៅ ដារហ្វួរ (Darfour)។ ភ្លាមៗ អ្នកនាំពាក្យ​ក្រសួងការបរទេស ​សហរដ្ឋអាមេរិក បាន​ថ្លែងគាំទ្រ​ការ​សម្រេច​ចិត្ត​របស់​ស៊ូដង់។ មន្ត្រីទូតអាមេរិក បញ្ជាក់ថា « អាមេរិក សាទរ​ឲ្យ ​ស៊ូដង់​ បន្តកិច្ច​​សហការ​ជាមួយ តុលាការព្រហ្មទណ្ឌអន្តរជាតិ ជា​បន្ត​ទៀត ដើម្បី​បញ្ចូន​មេៗឧក្រិដ្ឋជន​ទាំង​ឡាយ​ដែលតុលាការ​តាម​ស្វែង​រក​មុខ។ » ​ការទូត​អាមេរិក​បន្តទៀត​​ថា « ​ការ​សម្រេច​ប្រគល់ខ្លួនលោក អូម៉ារ អាល់បាស្ហៀរ ទៅឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅពេលនេះ ជាការ​​បោះជំហាន​មួយ​យ៉ាងធំ ក្នុង​ការ​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​និទ្ទណ្ឌភាព។ »​

ដារហ្វួរ ជា​តំបន់​នៅ​ប៉ែកខាងលិច ប្រទេស​ស៊ូដង់​សព្វថ្ងៃ។ លោក អូម៉ារ អាល់បាស្ហៀរ (Omar el-Béchir ) បាន​ធ្វើ​រដ្ឋប្រហារឡើង​កាន់​អំណាចផ្តាច់ការ នៅឆ្នាំ ១៩៨៩។ ចាប់ពី​​ឆ្នាំ​២០០៣ ក្រុម​អ៊ីស្លាមជាក្រុម​ភាគច្រើន ​នៅ​តំបន់​ដារហ្វូរ​ និង​ដែល​នៅស្និទ្ធ​ជាមួយ​លោក អូម៉ារ អាល់បាស្ហៀរ បាន​បង្ក​ជម្លោះ​បង្ហូរ​ឈាម ​ជាមួយ​ក្រុម​ជនជាតិ​ភាគតិច ​និង​ជាតិ​ពន្ធុផ្សេងទៀត។ ជម្លោះ​បង្ហូរឈាម​គ្នា​នេះ ត្រូវ​អង្គការ​សហប្រជាជាតិ ព្យាករណ៍​ថា បាន​បណ្តាល​ឲ្យ​ស្លាប់​បាត់​បង់ជីវិត​មនុស្ស ប្រមាណ ៣០ ម៉ឺននាក់ ហើយ​ ២លាន​៥សែននាក់ ​ត្រូវ​ជម្លៀសខ្លួន​ ចោល​ផ្ទះ​សម្បែង។

តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅក្រុង​ឡាអេ បាន​បើក​ការ​ស៊ើបអង្កេត និងបាន​លើកបទ​ចោទប្រកាន់ ពីបទ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋប្រឆាំង​មនុស្សជាតិ ចំពោះ​បទឧក្រិដ្ឋ​ដែល​បាន​កើត​ឡើង​នៅ​តំបន់ ​ដារហ្វួរ ​នេះ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ក៏​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មេដឹកនាំ​ស៊ូដង់ និងអ្ន​កទទួល​ខុសត្រូវ​ជាន់​ខ្ពស់​ ក្នុង​ការ​ប្រល័យ​ជីវិតម​នុស្ស​ នៅ​ដារហ្វួរ។

មតិយោបល់