កិច្ចព្រមព្រៀងទាំង៣ ដែលរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក យ៉ាអៀ ឡាភីដ (Yair Lapid) និងសមភាគីម៉ារ៉ុកលោក ណាស៊ែរ ប៊ូរីតា (Nasser Bourita) បានចុះហត្ថលេខារួមមានការពិគ្រោះយោបល់ផ្នែកនយោបាយ អាកាសចរណ៍ និងវប្បធម៌។
ប្រមុខរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលឡាភីដបានប្រាប់អ្នកសារព័ត៌មានថាកិច្ចព្រមព្រៀងនេះនឹងនាំមកនូវការផ្លាសប្តូរថ្មីក៏ដូចជាឱកាសដែលជាការហុចប្រយោជន៍ដល់ក្មេងជំនាន់ក្រោយម៉ារ៉ុកនិងអ៊ីស្រាអែលនាអនាគតខាងមុខ។
គួរបញ្ជាក់ថាទំនាក់ទំនងរវាងរដ្ឋអ៊ីស្រាអែល និងម៉ារ៉ុកបានចាប់វិលត្រលប់មកជានានឹងគ្នាធម្មតាឡើងវិញនិងបានឈានដល់កិច្ចព្រមព្រៀមមួយដែរកាលពីឆ្នាំទៅមិញ ដោយមានការជួយជ្រោមជ្រែងពីរដ្ឋបាលអាមេរិកសម័យលោកដូណាល់ ត្រាំ។
ជាថ្នូរនឹងការសម្រួលទំនាក់ទំនងជាមួយអ៊ីស្រាអែលកាលណោះ អាមេរិកបានប្រកាសទទួលស្គាល់អធិបតេយ្យភាពរបស់ម៉ារ៉ុកក្នុងតំបន់សាហារ៉ាខាងលិច។ ហើយម៉ារ៉ុកក៏បានក្លាយជារដ្ឋអារ៉ាប់ទី ៤ ដែលបានភ្ជាប់ទំនាក់ទំនងជាមួយអ៊ីស្រាអែលកាលពីឆ្នាំ២០២០ បន្ទាប់ពីអេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងស៊ូដង់។
ក្រៅពីបានចុះកិច្ចព្រមព្រៀង រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោកឡាភីដ ក៏ត្រូវបើកជាផ្លូវការដែរតំណាងការទូតរបស់អ៊ីស្រាអែលនៅរដ្ឋធានីរ៉ាបាក្នុងប្រទេសម៉ារ៉ុកនាថ្ងៃព្រហស្បតិ៍នេះ។ លោកឡាភីដបានលើកឡើងថាលោកផ្តោតសំខាន់លើការចងស្ពានមេត្រីរវាងអ៊ីស្រាអែលនិងប្រទេសអារ៉ាប់។
ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងរ៉ាបានៃប្រទេសម៉ារ៉ុកបានហៅដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលថាជាការបោះជំហានទៅមុខដ៏សំខាន់មួយ។ តាមរយៈសារនៅលើបណ្តាញសង្គមធ្វីតទ័រ ស្ថានទូតអាមេរិកនិយាយថាការពង្រឹងទំនាក់ទំនងអ៊ីស្រាអែល-ម៉ារ៉ុកនឹងជួយឲ្យសន្តិភាពនិងវិបុលភាពរីកលូតលាស់ក្នុងតំបន់។
គួរជ្រាបដែរថាដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលទៅកាន់ប្រទេសម៉ារ៉ុកធ្វើឡើងបន្ទាប់ពីក្រុមសិទ្ធិមនុស្សកាលពីខែមុនចោទប្រកាន់ម៉ារ៉ុកថាបានប្រើកម្មវិធី Pegasus របស់ក្រុមហ៊ុនអ៊ីស្រាអែលដើម្បីស៊ើបយកការណ៍។ ប្រមុខការបរទេសអ៊ីស្រាអែលបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ និងបានឲ្យដឹងថាលោកកំពុងប្តឹងក្រុមសិទ្ធិមនុស្សទាំងនោះ៕
មតិយោបល់