ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin បានសម្រេចលាលែងពីតំណែងជាផ្លូវការហើយ

ព្រះបរមរាជវាំងម៉ាឡេស៊ីបាននិយាយថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បានប្រគល់លិខិតលាលែងពីតំណែងរបស់ខ្លួនដល់ព្រះមហាក្សត្រ Al-Sultan Abdullah ហើយ ប៉ុន្តែលោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។

សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកបាននិយាយថា «ព្រះមហាក្សត្រម៉ាឡេស៊ីបានទទួលលិខិតលាលែងពីតំណែងរបស់លោក Muhyiddin Yassin និងគណៈរដ្ឋមន្ត្រីទាំងមូលដែលមានប្រសិទ្ធភាពភ្លាមៗ»។

បន្ទាប់ពីការលាលែងពីតំណែងនេះ ព្រះមហាក្សត្រម៉ាឡេស៊ីមានព្រះទ័យរីករាយឱ្យលោក Muhyiddin បំពេញតួនាទីជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរហូតដល់នាយករដ្ឋមន្ត្រីថ្មីត្រូវបានតែងតាំង។

ព្រះមហាក្សត្រម៉ាឡេស៊ីបានមានបន្ទូលផងដែរថា វាមិនស័ក្តសមទេក្នុងការរៀបចំការបោះឆ្នោតក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ នេះ។ ការឆ្លង និងស្លាប់របស់ប្រជាជនម៉ាឡេស៊ីក្នុងចំណោមោមួយលាននាក់បានជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្រោយមក នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ លោក Muhyiddin បាននិយាយថា លោកបានដាក់លិខិតលាលែងពីតំណែងទៅកាន់ព្រះមហាក្សត្ររួចហើយ ព្រោះលោកបានបាត់បង់ទំនុកចិត្តពីសមាជិកសភាភាគច្រើន ដោយលោកបាននិយាយបន្ថែមថា លោកសង្ឃឹមថារដ្ឋាភិបាលថ្មីនឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗនេះ។

ការលាលែងពីតំណែងនេះអាចបញ្ចប់នូវវិបត្តិនយោបាយជាច្រើនខែដែលកំពុងប្រឈមមុខនៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងធ្វើឱ្យសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតនេះត្រូវបានស្តារឡើងវិញ៕

 

មតិយោបល់