រហូតមកដល់វេលាម៉ោងជិត១០ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ក្រុមការងាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន សហការជាមួយអាជ្ញាធរខេត្តបាត់ដំបង បានត្រៀមខ្លួនរួចជាស្រេចរង់ចាំទទួលទិញផ្លែមៀន (តាង៉ែន) ពីប្រជាកសិករ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណទីលានបាល់ទាត់វាលបែកចាន ជាប់នឹងទីបញ្ជាការដ្ឋានយោធភូមិភាគទី៥ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
តាមការពិនិត្យជាក់ស្តែង ក្រុមការងារប្រមូលទិញបានយករថយន្តរបស់កងយោធពលខេមរភូមិន្ទមកតម្រៀបជាច្រើនគ្រឿង ដើម្បីធ្វើការដឹកជញ្ជូនទៅកាន់គោលដៅសម្រាប់ចែកជូនបន្តទៀត ។
តាមរយៈនៃការចុះប្រមូលទិញផលិតផលផ្លែមៀន(តាង៉ែន) នាពេលនេះ គឺធ្វើឡើងស្របពេលដែលស្ថានភាពនៃជំងឺកូវីដ១៩ កំពុងមានការឆ្លងទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស បានធ្វើឱ្យមានផលប៉ះពាល់ដល់ដំណាំមៀន(តាង៉ែន)របស់ប្រជាកសិករជួបនឹងបញ្ហាកង្វះទីផ្សារ ។
ដើម្បីជួយសម្រួលដល់បញ្ហាប្រឈមចំពោះមុខនេះ ក៏ដូចជាការលើកទឹកដល់ប្រជាកសិករ ក្នុងការដាំដុះបន្តទៀតនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានទឹកចិត្តគាំទ្រផលិតផលក្នុងស្រុក ដូចជាផ្លែមៀន (តាង៉ែន) បានទទួលទិញពីប្រជាកសិករនៅក្នុងខេត្តបាត់ដំបង ដើម្បីយកទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលមានក្រុមការងាររបស់សម្តេច ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដើម្បិីទទួលទិញពីប្រជាកសិករ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណទីលានបាល់ទាត់វាលបែកចាន ជាប់នឹងទីបញ្ជាការដ្ឋានយោធភូមិភាគទី៥ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង ក៏បានរៀបចំក្រុមការងារខេត្តបាត់ដំបង ដើម្បីសម្របសម្រួលសហកាជាមួយក្រុមការងាររបស់សម្តេចផងដែរ ៕
ដោយ: មន្ទីរព័ត៌មានខេត្តបាត់ដំបង
មតិយោបល់