ព័ត៌មានជាតិ

កុមារនៅអាហ្វហ្កានីស្ថាន រាប់លាននាក់ត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់

(ប៉េកាំង)៖ កុមារជាង ១០លាននាក់ក្នុងប្រទេសអាហ្វហ្កានីស្ថានកំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ដើម្បីបន្តរស់រានមានជីវិត។ មូលនិធិសម្រាប់កុមាររបស់ អង្គការសហប្រជាជាតិ ឬហៅកាត់ថា UNICEF។

បើតាមអង្គការ UNICEF កុមារអាហ្វហ្កានីស្ថាន ៤.២លាននាក់មិនបានចូលរៀន និង ៤៣៥,០០០នាក់ ក្លាយជាជនភៀសខ្លួននៅក្នុងប្រទេសខ្លួនឯង ហើយច្រើនជាង ២,០០០នាក់ រងការរំលោភបំពានចាប់តាំងពីខែមករាមក។ បន្ថែមពីលើនេះ គ្រោះរាំងស្ងួត បូករួមទាំងវិបត្តិ COVID-19, រដូវរងារកាន់តែខិតជិតមកដល់ និងការឡើងកាន់អំណាចរបស់ក្រុមតាលីបង់សុទ្ធតែជាកត្តាសំខាន់ៗជំរុញឱ្យប្រជាជនអាហ្វហ្កានីស្ថាន ត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។

ដោយឡែក បើតាមរបាយការណ៍របស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រជាជនអាហ្វហ្កានីស្ថាន មួយភាគបីកំពុងប្រឈមមុខនឹងអសន្តិសុខ ស្បៀងអាហារ ដោយពួកគេត្រូវការជំនួយ ២០០លានដុល្លារ នៅមុនចុងឆ្នាំ២០២១នេះ ដើម្បីអាចបន្តការងារនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ក្រោយក្រុមតាលីបង់ឡើងកាន់អំណាចជាថ្មី៕

ប្រភព៖​​​​​​ Xinhua

មតិយោបល់