ព័ត៌មានជាតិ

ក្រសួងសុខាភិបាលបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៣ មានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ទល់នឹងមេរោគបំប្លែងថ្មី

ក្រសួងសុខាភិបាលបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៣ មានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ទល់នឹងមេរោគបំប្លែងថ្មី។

១-សម្រាប់មន្ត្រីបម្រើការជួរមុខ, មនុស្សចាស់ដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ, ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ នៅចន្លោះខែទី៤ និងខែទី៦ ដោយឡែកសម្រាប់ប្រជាជនទូទៅផ្សេងទៀត ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ គួរធ្វើឡើងនៅចន្លោះខែទី៦ និងខែទី៨ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូស។

២-ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ, ទោះបីប្រើប្រាស់វ៉ាក់សាំងប្រភេទដូចគ្នា ឬវ៉ាក់សាំង ប្រភេទខុសគ្នាក៏ដោយ មិនបង្កឱ្យមានផលរំខានច្រើនលើសពីផលរំខានដែលបង្កឡើងដោយវ៉ាក់សាំងនីមួយៗ ជាធម្មតានោះទេ ថែមទាំងអាចបង្កើនបាននូវប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩ ប្រភេ ទ ដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។

៣-ចំពោះអ្នកដែលបានចាក់វ៉ាក់សាំង Sinopharm ឬ Sinovac ជាវ៉ាក់សាំងមូលដ្ឋានចំនួន ២ ដូសរួចហើយ អាចចាក់វ៉ាក់សាំងប្រភេទដូចគ្នាដូចជា Sinopharm ឬ Sinovac ជាដូសជំរុញក៏បាន ឬអាចចាក់វ៉ាក់សាំងប្រភេទផ្សេងគ្នា ដូចជាវ៉ាក់សាំង AstraZeneca ឬវ៉ាក់សាំង Pfizer ឬ Moderna ជាដូសជំរុញក៏បាន។

៤- ចំពោះអ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca ឬ Johnson & Johnson ជាវ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូសរួចហើយ អាចចាក់វ៉ាក់សាំងដូចគ្នា ដូចជាវ៉ាក់សាំង AstraZeneca ឬ Johnson & Johnson ជាដូសជំរុញក៏បាន ឬអាចចាក់វ៉ាក់សាំង Pfizer ឬ Moderna ជាដូសជំរុញក៏បាន។

ដោយឡែក, ចំពោះការចាក់វ៉ាក់សាំង Sinopharm ឬ Sinovac ជាដូសជំរុញសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca ឬ Johnson & Johnson ជាវ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូសរួចហើយ, ក្រុមការងារសិក្សាស្រាវជ្រាវនៃក្រសួងសុខាភិបាលនឹងសិក្សាបន្ថែម ហើយក្រសួងនឹងជូនដំណឹងដល់សាធារណជនអំពីលទ្ធផលនៃការសិក្សានេះនៅពេលក្រោយ ៕

មតិយោបល់